CamNews

កីឡាជាតិ 

គោព្រៃកម្ពុជា ប្រមូលផ្ដុំថ្ងៃនេះ មុនប្រកួតមិត្តភាពជាមួយសិង្ហបុរី ត្រៀម AFF Suzuki Cup

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា ដែលមានរហ្សនាមក្រុម «គោព្រៃ» នោះ នឹងចាប់ផ្ដើមប្រមូលផ្ដុំជាថ្មីនៅថ្ងៃទី៣១ ខែតុលានេះហើយ នៅលើទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី បន្ទាប់ពីប្រកាសរំសាយមួយសប្ដាហ៍ ក្រោយយកឈ្នះគូប្រជែង ៣ប្រកួតជាប់គ្នា ក្នុងនាមម្ចាស់ផ្ទះវគ្គជម្រុះបឋមនៃពានរង្វាន់ AFF Suzuki Cup 2016 កាលពីពេលថ្មីៗកន្លងទៅ ។

ទន្ទឹមជាមួយគ្នានេះ មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងដែរថា ការប្រមូលផ្ដុំហ្វឹកហាត់នេះ គឺធ្វើឡើង ដើម្បីត្រៀមប្រកួតវគ្គចែកពូលនៃពាន AFF Suzuki Cup 2016 ដោយក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម ដែលនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ជាការត្រៀមខ្លួននេះទៀតសោត ក្រុមជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការមួយ មុននឹងចេញដំណើរទៅប្រទេសមីយ៉ាន់ម៉ា គឺត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ ដើម្បីពង្រឹងសមត្ថភាពកីឡាករបន្ថែម ក៏ដូចជាជម្រុះកីឡាករ ៣នាក់ចេញ ទុក ២៣នាក់ទៅប្រកួតប្រជែងដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2016 ខាងលើផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news