ភ្នំពេញ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ ជាថ្ងៃដង្ហែព្រះបរមអដ្ឋិ "ព្រះបរមរតនកោដ្ឋ" មានប្រជាពលរដ្ឋ និងមន្រ្តីរាជការ ប្រមាណ ២ម៉ឺននាក់ បានមកជួបជុំគ្នា ចូលរួមដង្ហែ។ ជាមួយគ្នានេះ ក៏មានសិល្បករ-សិល្បការិនី មួយចំនួន បានចេញមុខបង្ហាញអារម្មណ៍ សោកសៅ និងក្រៀមក្រំ ក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ LookingTODAY។
លោក ជួង ជី ហៅនាយ កុយ បានថ្លែងប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃនេះលោក និងក្រុមគ្រួសារ បានទៅចូលរួមដង្ហែ ព្រះបរមអដ្ឋិ "ព្រះបរមរតនកោដ្ឋ" សម្តេចនរោត្តម សីហនុ ដើម្បីយកទៅតម្កល់ នៅព្រះចេតិយ នៃបរិវេណព្រះវិហារ ព្រះកែវមរកត ។ លោកមានប្រសាសន៍ថា "ក្នុងនាមខ្ញុំ ជាប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកសិល្បៈដទៃ នេះជាលើកចុងក្រោយហើយ ដែលបានចូលរួមដង្ហែសម្តេចឪ សម្ដេចតា ហើយតបស្នងសងគុណ ដល់ព្រះអង្គ ដែលបានកសាងប្រទេសជាតិ ជាយូរមកហើយ ។ នៅថ្ងៃនេះខ្ញុំសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន បានចូលរួមដង្ហែ ទាំងទឹកមុខក្រៀមក្រំ សា្តយស្រណោះ ព្រះអង្គជាពន់ពេក "។
ដោយឡែក តារាចម្រៀង មានឈ្មោះបោះសំឡេង ឈរលើលំដាប់កំពូល ក្នុងផលិតកម្ម ហង្សមាស លោក ព្រាប សុវត្ថិ ក៏បានរៀបរាប់ឲ្យដឹងផងដែរថា លោកមានការសោកស្តាយ ដែលមិនបានចូលរួមដង្ហែ ព្រះបរមអដ្ឋិ "ព្រះបរមរតនកោដ្ឋ" ព្រះករុណព្រះបាទសម្តេច នរោត្តម សីហនុ ដោយសារតែលោក មានការរវល់ មិនអាចដកឃ្លាបាន ។ "ម្យ៉ាងវិញទៀត ខាងក្រុមការងារ មិនបានរៀបចំក្នុងការចូលរួមទេ ប៉ុន្តែបើទោះជា ខ្ញុំមិនបានចូលរួម ក្នុងពិធីដង្ហែ តែខ្ញុំនៅតែមានចិត្ត ស្រឡាញ់គោរព និងនៅតែ ចងចាំពីវីរៈភាពរបស់ព្រះអង្គជានិច្ច..!" ។ លោក ព្រាប សុវត្ថិ បញ្ជាក់បន្ថែម។
ជាមួយគ្នានោះស្រីស្អាត សាច់សរ កញ្ញា ឈិត សុជាតា ក៏បានបង្ហាញពីអារម្មណ៍ សោកស្តាយ ដែលមិនបានចូលរួម ក្នុងពិធីដង្ហែ ព្រះបរមអដ្ឋិ "ព្រះបរមរតនកោដ្ឋ"ដែរថា "ថ្ងៃនេះខ្ញុំ មិនបានចូលរួមដង្ហែទេ ដោយសារតែខ្ញុំ ត្រូវទៅហែទានវស្សានៅវត្ត បើទោះជាខ្ញុំមិនបានចូលរួម តែសម្រាប់ទឹកចិត្តរបស់ខ្ញុំ គឺនៅតែមានព្រះអង្គ ក្នុងក្រអៅបេះដូងជានិច្ច ។ សម្រាប់ខ្ញុំ ថ្វីត្បិតតែមិនបានចូលរួមផ្ទាល់ តែខ្ញុំទៅវត្តក៏ជាចំណែក ក្នុងការធ្វើបុណ្យឧទ្ទិស ដល់ព្រះអង្គដូចគ្នា "។
នៅក្នុងនោះ តារាល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN នាយ ពែកមី ក៏បានបង្ហាញចំណាប់អារម្មណ៍ ស្រដៀងគ្នាថា នៅថ្ងៃនេះ លោកក៏មិនបានចូលរួមដង្ហែ ព្រះបរមអដ្ឋិដែរ ព្រោះតែលោក មានការងាររវល់ មិនអាចដកឃ្លាបាន ។ សម្រាប់អារម្មណ៍ របស់លោកក៏មិនខុស ពីប្រជាពលរដ្ឋ និងសិល្បករ- សិល្បការិនីដទៃទៀតដែរ មានភាពសោកសៅ ស្ដាយស្រណោះព្រះអង្គ មិនខុសគ្នាឡើយ ៕