(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៥ឆ្នាំកម្ពុជា (U-15) បានយកឈ្នះក្រុម China Jianyin School របស់ម្ចាស់ផ្ទះចិនដោយលទ្ធផលបច្ចេកទេស ៣-០ មុននេះបន្ដិច នៅក្នុងកម្មវិធី The Belt and Road Initiative" U15 Boys Football Tournament ឆ្នាំ២០១៦ ដែលកំពុងធ្វើឡើងនៅប្រទេសចិន។
យោងតាមទំព័រ Facebook របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា គ្រាប់បាល់ជ័យជម្នះរបស់ក្រុមគោព្រៃវ័យក្មេង គឺធ្វើសម្រេចដោយកីឡាករ សឿត ណាវ៉ា, សៀង ចន្ធា និងសៀន សុភក្រ្តា ម្នាក់ ១គ្រាប់ ធ្វើឲ្យក្រុមយុវជនកម្ពុជាទទួលបាន ៣ពិន្ទុតែម្ដង។
នេះគឺជាការប្រកួតដំបូងរបស់ក្រុម U-15 កម្ពុជា ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori អមដោយកីឡាករ ១៨នាក់ ដែលជាយុវជននៃសាលាបាល់ទាត់ជាតិទន្លេបាទី ខណៈការប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ៕
ក្រុម U-15 របស់កម្ពុជា
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង