CamNews

កីឡាអន្តរជាតិ 

ព្រឹត្តិ​ការណ៍ Rio Olympics នៅ​បន្ត​ធ្វើ​ដដែល ទោះ​វីរ៉ុស Zika កំពុង​រាត​ត្បាត​ក៏​ដោយ

(ក្រុងរីយ៉ូ)៖ គ្មានផ្លូវណាលុបចោលកម្មវិធីប្រកួតកីឡាអូឡាំពិករដូវក្តៅ Rio Olympics 2016 ឡើយ បើទោះបីជាជំងឺដ៏កាចសាហាវ ប្រភេទថ្មី Zika បានកំពុងតែរាតត្បាតជុំវិញពិភពលោកក៏ដោយ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអាជ្ញាធររបស់ប្រេស៊ីល ថ្លែងប្រាប់សារព័ត៌មាន BBC ។

មន្រ្តីអាជ្ញាធរខាងលើបានបន្តថា វីរ៉ុស Zika (ស៊ីកា) វាមិនអាចមានហានិភ័យទៅដល់អត្តពលិក និងអ្នកទស្សនាឡើយ លើកលែងតែស្រ្តីដែលកំពុង ពពោះក្នុងអំឡុងព្រឹត្តិការណ៍ដែលមានរយៈពេល៤ឆ្នាំម្តង នឹងប្រារព្ធធ្វើឡើងនៅក្នុងខែ សីហា ឆ្នាំ២០១៦ខាងមុខ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលតែមួយគត់ ។

សារព័ត៌មាន Reuters បានដកស្រង់សំដីរបស់ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ថា “យើងត្រូវពន្យល់គ្រប់ជនបរទេសទាំងអស់ ដែលមកប្រទេសប្រេស៊ីល ។ ចំពោះអត្តពលិក គឺមានហានិភ័យទាបបំផុត ប្រសិនបើ ពួកគេមិនមែនជាស្រ្តីពពោះទេនោះ ។ មន្រ្តីសុខាភិបាលទាំងឡាយប្រេស៊ីលបានកំពុងតែធ្វើការនេះយ៉ាងញាប់ដៃញាប់ជើង ក្នុងការលុបបំបាត់ប្រភពមូសនៅតាមអាគារឯកជននានា និងរាជរដ្ឋាភិបាលផងដែរ” ។

លោកស្រី Rousseff បានសង្កត់ធ្ងន់ថា “ប្រេស៊ីលបានត្រៀមកងកម្លាំងប្រមាណជាង ២០ម៉ឹននាក់ និងមន្រ្តីពេទ្យចំនួន២៥ភាគរយ ដែលនឹងត្រូវដាក់ពង្រាយ តាមទីលានប្រកួត និងនៅតាមអាគារស្នាក់នៅនានា” ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ Rio Olympics Games នឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី០៥-២១ ខែសីហា ឆ្នាំ២០១៦ នៅប្រទេស ប្រេស៊ីល​ដោយមានអត្តពលិកសរុបប្រមាណ ១០៥០០នាក់ ជាមួយនឹងអ្នកទស្សនាផ្ទាល់ជិត១លាននាក់ចូលរួម គ្រាដែលកម្ពុជា ត្រៀមបញ្ជូន៥ប្រភេទកីឡា ទៅចូលរួមដែរ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League