(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលចេញទៅដំណើរចូលរួមប្រកួតកីឡាអូឡាំពិក Olympic Games នៅទីក្រុង Rio ប្រទេសប្រេស៊ីល បានទៅដល់គោលដៅដោយសុវត្ថិភាពហើយ បន្ទាប់ពីធ្វើដំណើរអស់រយៈពេល ៣០ម៉ោង។ នេះបើយោងតាមប្រភពព័ត៌មានលើទំព័រ Facebook ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC។
នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ មន្ដ្រី NOCC បានបង្ហោះលើប្រព័ន្ធទំនាក់ទំនងយក្សនេះថា «បន្ទាប់ពីចំណាយពេលហោះហើរ និងប្តូរជើងយន្តហោះសរុប៣០ម៉ោងរួចមកប្រតិភូ គ្រូបង្វឹក កីឡាករ-ឡាការិនីកម្ពុជា បានមកដល់ព្រលានយន្តហោះទីក្រុងរីយ៉ូ ប្រទេសប្រស៊ីល ដោយសុវត្ថិភាព ហើយនឹងត្រូវធ្វើដំណើរបន្តតាមរថយន្តចំនួន ២ម៉ោងទៀតទៅកាន់បុរីអូឡាំពិក»។
គួរបញ្ជាក់ផងដែរថា បេសកកម្មនេះ គឺដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ខណៈអត្តពលិកកម្ពុជា ៦រូប រួមមានកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី, កីឡាហែលទឹក ពូ សុវិជ្ជា និងកីឡាការិនី ហែមថុន វិទីនី, កីឡាអត្តពលកម្ម (រត់ប្រណាំង) នីកូ និងកីឡាការិនី លី ណារី និងកីឡាការិនីចំបាប់ ចូវ សុធារ៉ា។ ចំណែកពិធីបើកការប្រកួតកីឡា Olympic Games លើកទី៣១នេះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី