(ភ្នំពេញ)៖ តារាស្រីវ័យ២០ឆ្នាំកញ្ញា គង់ វិច្ឆិកា ក្រោយពីក្រឡូកក្នុងវិស័យសិល្បៈ បានប៉ុន្មានឆ្នាំ មកនេះឃើញថា មួយរយៈពេលចុងក្រោយនេះ នាងហាក់ប្រឈម នូវបញ្ហារឿងអាស្រូវផ្ទាល់ខ្លួន ជាបន្តបន្ទាប់ទាំងរឿងរ៉ាស្នេហា និងរង្វង់ការងារសិល្បៈ។ ប៉ុន្តែបញ្ហាមួយចំនួនក៏ត្រូវបានរសាត់ឃ្លាតឆ្ងាយទៅវិញ បន្ទាប់ពីមានការចេញមុខបកស្រាយ។
ខណៈដែលជីវិតស្នេហាឯកជនក្រៅសិល្បៈ របស់កញ្ញា គង់ វិច្ឆិកា បានស្ងប់ស្ងាត់អស់មួយសន្ទុះធំ ដោយមិនត្រូវបានបណ្តាសារព័ត៌មាន ក្នុងស្រុកណាមួយលើកមក និយាយសរសេរចុះផ្សាយនោះ ថ្មីៗនេះស្រាប់តែមានប្រភពពីអ្នកស្និទ្ធ ជាមួយនាងបានបង្ហើបថា ស្រីស្រស់ វិច្ឆិកា បានលួចភ្ជាប់សម្ព័ន្ធភាពស្នេហា ជាមួយឧកញ៉ាល្បីឈ្មោះនឹងមានឥទ្ធិពល នៅក្នុងស្រុកខ្មែរម្នាក់ ដោយពុំមាននរណាបានដឹងឡើយ។
បើតាមប្រភពលេចឮចេញពីរង្វង់ អ្នកសិល្បៈជាមួយកញ្ញា គង់ វិច្ឆិកា បាននិយាយទៀតថាមិនត្រឹមតែស្រលាញ់តារាស្រីរូបនេះ ប៉ុណ្ណោះទេ លោកឧកញ៉ាម្នាក់នេះ ថែមទាំងចិញ្ចឹមនាងទៀតផង។ រាល់ការចំណាយប្រចាំថ្ងៃទាំងអស់ គឺឧកញ៉ាដែលស្រលាញ់ជាអ្នកធានារាប់រង។ មិនតែប៉ុណ្ណោ ផ្ទះ នឹងរថយន្តដែលមានតម្លៃរាប់ម៉ឺនដុល្លារ ដែលស្ថិតនៅក្នុងកណ្តាប់ដៃ របស់នាងសព្វថ្ងៃនេះសុទ្ធសឹងជាកាដូរទិញ ឲ្យដើម្បីផ្គាប់ចិត្តពីសំណាក់លោកឧកញ៉ាខាងលើ។
ផ្តល់សម្ភាសន៍ប្រាប់គេហទំព័រ KhmerTALKING តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥កញ្ញា គង់ វិច្ឆិកា បាននិយាយបដិសេធថា គ្មានទំនាក់ទំនងស្នេហា ឬលោកឧកញ៉ាណាចិញ្ចឹមនាងទេ។ ដូចអ្វីដែលនាងធ្លាប់ប្រាប់ហើយថាលុយ ដែលចំណាយទិញផ្ទះនឹងរថយន្តនោះគឺជាលុយដែលនាងរកបាន មកពីកំលាំងញើសឈាមផ្ទាល់ខ្លួន បួករួមជាមួយលុយគ្រួសារ នឹងខ្ចីធនាគាខ្លះផងដែរ។
តារាស្រីកញ្ញា គង់ វិច្ឆិកា បាននិយាយទៀតថា «សព្វថ្ងៃនេះខ្ញុំគ្មានស្គាល់ឧកញ៉ាណាម្នាក់ទេ ហើយ រឿងទំនាក់ទំនងស្នេហា ឬការឧបត្ថម្ភនោះក៏គ្មានដែរ។ ប៉ុន្តែខ្ញុំក៏ចង់ប្រកាសប្រាប់វិញថា រាល់ថ្ងៃបេះដូងខ្ញុំពិតជា មានស្នេហាមែនគឺយើងស្រលាញ់គ្នា ជាមួយបុរសវ័យ៣០ឆ្នាំម្នាក់ ដែលគាត់ជាអាណិកជនខ្មែររស់នៅអាមេរិក។ ខ្ញុំនឹងគាល់បានស្គាល់នឹងស្រលាញ់គ្នា មានរយៈពេលជិត២ឆ្នាំហើយ។ ក្នុងនោះខ្ញុំនឹងគាត់ក៏ធ្លាប់បានជួបមុខគ្នាហើយដែរ ព្រោះយើងទាំង២នាក់បានស្គាល់គ្នា តាមការណែនាំម្តាយមីងរស់នៅទីនោះ»៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី