មនុស្សគ្រប់រូបតែងតែចង់មានភាពសកម្មក្នុងការងារ។ គ្មាននរណាម្នាក់ចង់ខ្ជះខ្ជាយពេលវេលា និងឱកាសទេ។ ដូច្នេះតើអ្នកគួរតែធ្វើបែបណា ដើម្បីអាចផ្តោតអារម្មណ៍ និងរៀបចំការងារឲ្យបានល្អពេញមួយថ្ងៃ? គន្លឹះទាំង៧ ខាងក្រោមនេះ អាចជួយជាគំនិតដល់អ្នកបាន។
ផ្តល់អាទិភាពដល់ការងារដែលសំខាន់
អ្នកគួរតែកំណត់ការងាររបស់អ្នក ថាតើការងារមួយណាប្រញ៉ាប់ និងសំខាន់ ហើយការងារមួយណាអាចសម្រេចបានលឿនជាងគេ។ រៀបចំការងារដែលមានភាពស្រដៀងគ្នាមួយក្រុម ហើយដាក់ថ្ងៃកំណត់ឲ្យបានច្បាស់លាស់។
រៀបចំគម្រោង
ក្រោយពេលដែលរៀបចំការងារគ្រប់យ៉ាងរួចរាល់ហើយ អ្នកត្រូវតែរៀបចំគម្រោង។ ក្រលេកទៅពេលវេលា ដែលអ្នកចំណាយលើការងារនិមួយៗ ថាតើវាមានភាពសមតុល្យទៅនឹងចំនួនការងារ របស់អ្នកឬទេ។ ដូច្នេះអ្នកអាចរៀបចំគម្រោង ដែលធ្វើឲ្យការងារអ្នកកាន់តែប្រសើរឡើង។
ធ្វើតារាងការងារ (checklists)
ហេតុអ្វីបានជាអ្នកត្រូវធ្វើតារាងការងារ(checklists)? ពីព្រោះអ្នកនឹងមានអារម្មណ៍សកម្មជាងមុន នៅពេលដែលអ្នកបំពេញនូវរាល់ការងារ ដែលនៅក្នុងតារាងនោះ។
កាត់បន្ថយទំនាក់ទំនងសង្គម
ទំនាក់ទំនងសង្គម គឺជាការរំខាន។ ប្រសិនបើ អ្នកបានមើលវីដេអូមួយក្នុង Facebook ឬ YouTube ហើយ អ្នកប្រាកដជាបន្តមើលវីដេអូបន្ទាប់ជាមិនខាន។ បើមិនដូច្នោះទេ អ្នកនឹងបន្តឆ្លើយឆ្លងជាមួយមិត្តភក្តិអ្នក រហូតធ្វើឲ្យខាតពេលវេលាធ្វើការមិនខាន។
សម្រាក បើអ្នកមានអារម្មណ៍នឿយហត់
អ្នកអាចសម្រាកមួយស្របក់ ដើម្បីធ្វើឲ្យខួរក្បាលស្រលះ។ អ្នកអាចចេញទៅក្រៅសម្រាក ១០ នាទី ដោយការស្តាប់តន្រ្តី ឬក៏ញ៉ាំអ្វីបន្តិចបន្តួច សឹមមកធ្វើការវិញ។
កាត់បន្ថយការប្រជុំ
ការប្រជុំម្តងម្កាល ធ្វើឲ្យមានភាពសកម្មក្នុងការងារ ហើយអ្នកអាចតាមដានការងារបានជាប់លាប់ល្អ។ ប៉ុន្តែបើមានការប្រជុំច្រើនដង ក្នុងមួយសប្តាហ៍ នោះវានឹងធ្វើឲ្យមានការយឺតយ៉ាវ ក្នុងការបំពេញការងារ ថែមទាំងមានអារម្មណ៍ស្ត្រេសទៀតផង។
រៀបចំតុរបស់អ្នក
នៅពេលដែលអ្នករៀបចំតុរបស់អ្នក ឲ្យមានសណ្តាប់ធ្នាប់ នោះអ្នកនឹងមានអារម្មណ៍ថាការងារត្រូវបានរៀបចំយ៉ាងរៀបរយ។ អ្នកអាចរកឯកសារដែលចាំបាច់ យ៉ាងឆាប់រហ័ស និងមានអារម្មណ៍ធូរស្បើយជាងតុ មានសភាពរញ៉េរញ៉ៃ៕
ប្រភព៖forbes