(លីប៊ី)៖ រយៈពេល០៥ឆ្នាំ បន្ទាប់ពីការសា្លប់របស់មេដឹកនាំលីប៊ី លោក ហ្គាដាហ្វី បងប្អូនជីដូនមួយរបស់លោក គឺលោក Ahmed Kadhafi ad-Dam បានចេញមុខធ្វើការពន្យល់ពី មូលហេតុមួយចំនួន ដែលលោកផ្ទាល់អះអាងថា អាចជាកត្តាទាក់ទាញបណ្ដាប្រទេសលោកខាងលិច ឲ្យរៀបចំគំរោងធ្វើរដ្ឋប្រហារទម្លាក់ លោក ហ្គាដាហ្វី ពីអំណាចកាលពីឆ្នាំ២០១១។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន RT លោក Ahmed Kadhafi ad-Dam បានគូសបញ្ជាក់ថា គំរោងបង្កើតសហភាពអាហ្រ្វិក និងរដ្ឋាភិបាល អាហ្រ្វិករួមមួយ គឺជាមូលហេតុដ៏សំខាន់ នៃការធ្វើអន្តរាគមន៍យោធានៅលីប៊ី រួមទំាងការធ្វើឃាតអតីតមេដឹកនាំលីប៊ី លោក ម៉ូអាម៉ា ហ្គាដាហ្វី។ លោក Ahmed Kadhafi បានលើកឡើងដូច្នេះថា «បណ្ដាប្រទេសលោកខាងលិច បានមើលឃើញពីការគំរាមកំហែង ដល់ផលប្រយោជន៍របស់ពួកគេ ដែលកើតចេញពីការ ដឹកនំាការតស៊ូរបស់លោក ហ្គាដាហ្វី ដើម្បីសេរីភាព ទ្វីបអាហ្រ្វិក និងបណ្ដេញពួកប្រទេសអាណានិគម ចេញពីអាហ្រ្វិក»។
បងប្អូនជីដូនរបស់លោក ហ្គាដាហ្វី រូបនេះបានឲ្យដឹងទៀតថា នៅឆ្នាំ១៩៩៩ លោក Mouammar Kadhafi បានដាក់ចេញនូវការជជែកដេញដោល មួយស្ដីពីការបង្កើតសហភាពអាហ្រ្វិក និងរដ្ឋាភិបាលអាហ្រ្វិករួបរួមមួយ ក្នុងគោលបំណងប្រមូលផ្ដុំសមត្ថភាព ទ្វីបអាហ្រ្វិកទំាងមូល ហើយដែលនយោបាយនេះឯង គឺប្រឆំាងនឹង ផលប្រយោជន៍ នៃបណ្ដាប្រទេសលោកខាងលិចមួយចំនួន ដូច្នេះទើបលោក ហ្គាដាហ្វី ត្រូវបានទម្លាក់ពីអំណាច និងត្រូវគេធ្វើឃាត។
ជាមួយគ្នានោះដែរ លោក Ahmed Kadhafi បានជម្រុញឲ្យអង្គការសហប្រជាជាតិ និងអគ្គលេខាធិការថ្មី ត្រូវតែបើកការស៊ើបអង្កេតជុំវិញ ព្រឹត្តិការណ៍កាលពីឆ្នាំ២០១១ ត្បិតក្នុងរយៈពេលជាង ០៥ឆ្នាំមកនេះ ក្រុមប្រឹក្សាសន្តិសុខ មិនបានបើកការស៊ើបអង្កេត ណាមួយនោះទេ។
គួររំឭកថា កាលពីខែមីនា ឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចអនុញ្ញាតឲ្យ មានការធ្វើអន្តរាគមន៍យោធា ក្រោមការដឹកនំារបស់ សហរដ្ឋអាមេរិក បារំាង និង អង់គ្លេស នៅលីប៊ី ដើម្បីការពារជនស៊ីវិលពីកងកម្លំាងលោក ហ្គាដាហ្វី។ ក៏ប៉ុន្តែ០៥ឆ្នំាបន្ទាប់ពីរបបដឹនំា ហ្គាដាហ្វី រលំរលាយទៅ លីប៊ីនៅតែបន្តស្ថិតនៅក្នុងភាពវឹកវរ ខណៈសេដ្ឋកិច្ចនិងការរស់នៅ របស់ប្រជាជនលីប៊ី កំពុងធ្លាក់ចុះដុនដាប យ៉ាងខ្លំាងបើធៀបទៅនឹងកាលពីលោក ហ្គាដាហ្វី នៅមានជីវិត ប្រជាពលរដ្ឋលីប៊ី មានការសោកស្តាយចំពោះបញ្ហានេះ។
ក្នុងនោះប្រជាពលរដ្ឋអ៉ីរ៉ាក់ក៏មានការ សោកស្តាយផងដែរ ចំពោះការសម្លាប់លោក សាដាម ហ៊ូនសេន។ ម្យ៉ាងវិញទៀតសូម្បីតែអតីតនាយករដ្ឋមន្ត្រី អង់គ្លេសលោក Tony Blair ក៏បានសារភាពដែរថា ប្រសិនបើលោក Kadhafi និងលោក Saddam Hussein នៅមានជីវិត ក្រុម ISIS ក៏ទំនងជាមិនកើតមាន ឡើងដែរ៕