CamNews

តារា 

សុន លីកា មិន​ចង់​ក្លាយ​ជា​តារា​ល្បី​ឈ្មោះ តាម​ផ្លូវ​កាត់

ភ្នំពេញៈ តារាពន្លកថ្មី ទើបតែរះលើវិថីសិល្បៈ កញ្ញា សុន លីកា បានបង្ហើបឲ្យដឹងថា នាងមានក្តី ស្រមៃចង់ក្លាយ ជាតារាចម្រៀងមានឈ្មោះ បោះសំឡេងល្បីល្បាញមួយរូប នៅក្នុងវិថីសិល្បៈ ដោយសមត្ថភាពខ្លួនឯងផ្ទាល់ ព្រោះមិនចង់ក្លាយ ជាតារាល្បីតាម ផ្លូវកាត់ មានអ្នកជួយជ្រោមជ្រែង ពីក្រោយខ្នង ឬល្បីឈ្មោះព្រោះរឿងអាស្រូវណាមួយឡើយ។

ជួបជាមួយ LookingTODAY នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣នេះ កញ្ញា សុន លីកា បានប្រាប់ ជាមួយ នឹងទឹកមុខញញឹមពព្រាយថា ការចូលប្រឡូក ក្នុងវិស័យសិល្បៈនេះ នាងមានបំណង និងស្រលាញ់ ចង់ចូលប្រឡូកយូរហើយ គ្រាន់តែគ្មានឱកាស។ ប៉ុន្តែដល់ពេលមានឱកាស នៅស្ថានីយ ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ បង្កើតកម្មវិធីប្រឡង នាងក៏សាកល្បងដាក់ ពាក្យប្រឡងចម្រៀង តែអ្វីដែល ធ្វើឲ្យនាង រំភើបចិត្ត ស្ទើរតែស្រក់ទឹកភ្នែកនោះ គឺការប្រឡងនេះ នាងបានជាប់ជ័យលាភីលេខ១ ក្នុងចំណោម បេក្ខជន ជាច្រើននាក់ ។

តារាស្រីរាងខ្ពស់ស្រឡះ សាច់សរ ប្រៀបដូចអន្លក់ត្រួយខ្ចី វ័យជាង២០ឆ្នាំរូបនេះបានថ្លែងថា “ ជា ការពិតណាស់ សម្រាប់ខ្ញុំនៅ ពេលបានទទួលជោគជ័យបែបនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ តែជាមួយគ្នានោះ ខ្ញុំក៏នៅមានមហិច្ឆតាមួយទៀត គឺខ្ញុំចង់ក្លាយជាតារាចម្រៀងល្បីឈ្មោះ ដូចជា រៀមច្បងមុនៗ ។ ខ្ញុំចង់ល្បីដោយការខំប្រឹងប្រែង និងឱកាសបញ្ចេញ សមត្ថភាពផ្ទាល់ខ្លួន ប៉ុន្តែ សម្រាប់ខ្ញុំ គឺមានការខ្លាចរអា មិនចង់ក្លាយជា តារាចម្រៀងល្បី តាមផ្លូវកាត់ មានអ្នកចាំជួយយឺត យោង ឲ្យល្បីឈរ នៅពីក្រោយខ្នងទេ។ ម្យ៉ាងទៀតខ្ញុំក៏មិនចង់ធ្វើខ្លួន ឲ្យល្បីតាមរយៈព័ត៌មាន មិន   ល្អ ធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះខ្ញុំនោះដែរ..!” ។

កញ្ញា លីកា បានប្រាប់បន្ថែមទៀតថា កាលដែលនាងនិយាយនេះ គ្រាន់តែចង់ បង្កាទុកជា មុនតែ ប៉ុណ្ណោះ ព្រោះថាអ្នកសិល្បៈ គឺជាមនុស្សរបស់មហាជន ដូច្នេះបើសិន ជាមាន ព័ត៌មានចុះ ផ្សាយ បែបនេះ បែបនោះ មិនល្អធ្វើឲ្យ ប៉ះពាល់កេរ្តិ៍ឈ្មោះ យើងពិតណាស់ថា ប្រជាប្រិយភាពរបស់យើង ក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ។ តែបើសិនជាយើង ខំប្រឹងដោយសមត្ថភាព ទោះជា មានខ្យល់ព្យុះ បោកបក់យ៉ាងណា ក៏វាមិនងាយនឹងសាបរលាបដែរ ។

ជាមួយគ្នានេះ ស្រីស្អាតរូបស្រស់ កញ្ញា សុន លីកា ក៏បានប្រាប់ឲ្យដឹងទៀតថា “សម្រាប់ខ្ញុំ ការងារ សិល្បៈ គឺ ស្រឡាញ់ទាំងអស់ហើយ បើសិនជាខ្ញុំ ទទួលបាន ជោគជ័យ ក្នុងអាជីពចម្រៀង ខ្ញុំក៏ មានបំណងចង់ចាប់ អាជីពផ្សេងទៀត ដូចជា តារាបង្ហាញម៉ូដ និងតារាសម្តែងជាដើម។ តែអ្វី ដែលសំខាន់ អាចរុញច្រានឲ្យខ្ញុំ ចាប់អាជីពទាំងអស់នេះ ទាល់តែមានការផ្តល់ឱកាស ពីខាង ផលិតកម្ម នានានិងសមត្ថភាព ផ្ទាល់ខ្លួនរបស់ខ្ញុំផង បើសិនជាគេផ្តល់ឱកាសហើយ យើងគ្មាន សមត្ថភាពមិនអាចធ្វើបាន ក៏វាមិនអាចទៅរួចដែរ ” ៕

 


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: khmer star star singer actress sun lika