(បន្ទាយមានជ័យ)៖ កម្លាំងគយបានចុះប្រតិបត្តិការបង្ក្រាបរថយន្តនាំចូលគេចពន្ធ ជារថយន្តចង្កូតស្តាំ បានចំនួន ២គ្រឿង ក្នុងនោះមួយគ្រឿង ជ្រកក្រោមស្លាកលេខ ខ.ម របស់កងយោធពលខេមរភូមិន្ទ។
មន្ត្រីគយម្នាក់បានប្រាប់ Fresh News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះថា មួយរយៈចុងក្រោយនេះ វិធានការរឹតបន្តឹងប្រមូលពន្ធចូលរដ្ឋ ទៅលើរថយន្តនាំចូលគេចពន្ធខុសច្បាប់ កំពុងតែធ្វើឡើងយ៉ាងក្តៅគគុក ក្រោយពីមានរថយន្តគេចពន្ធចង្កូតស្តាំ និង ចង្កូតឆ្វេងស៊េរីទំនើបៗ ត្រូវបានគេលួចទិញយកមកប្រើប្រាស់ផ្ទាល់ខ្លួន និងពេលខ្លះប្រើប្រាស់ស្លាកលេខជ្រកក្រោមស្ថាប័នរដ្ឋ ឬ ស្ថាប័នផ្សេងៗ ដូច ជា ខ.ម ជាដើម។
មន្ត្រីគយ សូមមិនបញ្ចេញឈ្មោះនេះ បានបញ្ជាក់ទៀតថា ការនាំចូលរថយន្តលួចលាក់គ្មានការបង់ពន្ធចូលរដ្ឋនោះ ធ្វើឲ្យរដ្ឋខាតបង់ប្រាក់ពន្ធយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែងរថយន្តស៊េរីទំនើបចំនួន ២គ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារនេះ សុទ្ធតែជារថយន្តចង្កូតស្តាំលួចនាំចូលគ្មានបង្កាន់ដៃបង់ពន្ធតាម ច្រកក្នុងភូមិសាស្ត្រច្រករបៀង ខេត្តបន្ទាយមានជ័យនោះ។
រថយន្តចង្កូតស្តាំគ្មានពន្ធនេះ មួយម៉ាក ហ្វ័ត ពណ៌ សំបកឪឡឹក ២បាំង ពាក់ស្លាកលេខ ខេមរភូមិន្ទ 012-7520 ស៊េរីឆ្នាំ២០១៤ និងរថយន្តម៉ាកនីសាន់ ពណ៌ស គ្មានស្លាកលេខស៊េរីឆ្នាំ២០១៣។
ជុំវិញបញ្ហារថយន្តចង្កូតស្តាំនេះដែរ បើយោងតាមអនុក្រឹត្យលេខ០១ របស់រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យប្រើប្រាស់ទៅលើរថយន្តពន្លត់ អគ្គិភ័យ និងរថយន្តពេទ្យសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ រថយន្តដែលទទួលស្គាល់ដោយក្រសួងហិរញ្ញវត្ថុ លុះត្រាតែរថយន្តនោះនៅក្នុងអាំងហ្វង់ទែរបស់រដ្ឋប៉ុណ្ណោះ។
សូមរំលឹកថាកាលពីអំឡុងឆ្នាំ២០០៥ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបញ្ចប់ការនាំចូលរថយន្តចង្កូត ស្តាំមកចរាចរណ៍ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែបច្ចុប្បន្ននេះគេសង្កេតឃើញរថយន្តចង្កូតស្តាំស៊េរីទំនើបៗ ត្រូវបានឈ្មួញខិលខូចលួចនាំ ចូលមកធ្វើអាជីវកម្មលក់ដូរយ៉ាងគគ្រឹកគគ្រេងឡើងវិញ។ រថយន្តចង្កូតស្តាំខ្លះត្រូវគេមើលឃើញថា បានប្រើប្រាស់ជ្រកក្រោមស្លាកលេខក្នុងស្ថាប័នរដ្ឋ ឬស្ថាប័នកងកម្លាំងប្រដាប់អាវុធ មាន ន.ប និង ខ.ម ជាដើម៕


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី