ភ្នំពេញៈ ក្រោយពីតួឯក ស្រីក្នុងរឿង “ម៉ីនុយធ្នាក់ អន្ទាក់ស្នេហ៍” កញ្ញា ភិន សុដាលីស បានសម្រេចចិត្ត ដើរដល់ផ្លូវ បែកស្នេហ៍ជាមួយ អតីតគូដណ្តឹងបុរសសង្ហារ លោក ប៉ែន តុលា មកគេសង្កេតឃើញថា ភាគីខាងគូដណ្តឹង របស់ នាង ហាក់បង្ហាញពីសញ្ញា ចង់ត្រូវរ៉ូវជានាជាមួយនាងវិញ ជាច្រើនលើកច្រើនសារ តែ ដាលីស ហាក់ដូចជាមាន ចិត្តរឹង ដូចថ្ម មិនខ្វល់ខ្វាយចំពោះ អតីតគូដណ្តឹងទាល់តែសោះ ។
អស់រយៈពេលជិតកន្លះឆ្នាំហើយដែល តារាសម្តែងស្រីស្អាត កញ្ញា ភិន សុដាលីស បានកាត់ផ្តាច់ទំនាក់ទំនងស្នេហា រវាងនាងនិងគូដណ្តឹង ដោយកន្លងមកនាងតែងតែ បដិសេធមិន ចង់និយាយពីមូលហេតុ ក្នុងការផ្តាច់ពាក្យ នោះឡើយ ។ ទន្ទឹមនឹងការលាក់បាំង មិនចង់និយាយពីមូលហេតុ ក្នុងការផ្តាច់ពាក្យនោះដែល នាពេលកន្លងមក ក៏ធ្លាប់មានពាក្យចចាមអារ៉ាម និយាយតៗគ្នាថាមូលហេតុធ្វើឲ្យស្នេហា ដែលធ្លាប់តែផ្អែមល្ហែមជាមួយគ្នា ជួបភាព ប្រះស្រាំ មុនពេលរៀបការនេះ គឺមកពីមានអ្នកទី៣ ចូលជ្រៀតជ្រែកហែកបេះដូង ស្នេហ៍របស់ពួកគេទើបធ្វើឲ្យ ដាលីស ឈឺចាប់បង្ខំចិត្តបែកពីគូដណ្តឹង ទាំងចិត្តនៅស្រលាញ់ពេញបេះដូងបែបនេះ ។
ក្នុងជំនួបជាមួយ Looking TODAY តារាស្រីរូបស្រស់ថ្ពាល់សម៉ដ្ឋរលោង កញ្ញា ភិន សុដាលីស បានប្រាប់ឲ្យដឹងថា នាងមិនចង់និយាយពីរឿងនេះឡើងវិញទេ ព្រោះរឿងនេះចប់ប្រហែលជាងកន្លះឆ្នាំហើយ មិនចង់និយាយដដែលៗ ទេ។
តារាស្រីរូបនេះបានបង្ហាញ ពីអារម្មណ៍មិនសូវពេញចិត្ត ក្នុងការឆ្លើយថា “ទោះជាចាស់ទុំនិយាយត្រូវរ៉ូវគ្នា យ៉ាងណា ក៏ដោយ ក៏វាមិនអាចវិលទៅរកសភាព ដើមបានទេបើទោះជាពួកគាត់ (ចាស់ទុំ) និយាយត្រូវគ្នាតែសម្រាប់កូនៗ គឺមិនអាចចាប់ផ្តើមឡើងវិញទេ ខ្ញុំមិនព្រមទេ”។
ជាមួយគ្នានោះតារាស្រីរូបនេះ ក៏មិនបាននិយាយអ្វីវែងឆ្ងាយ ទាក់ទងនិងរឿងនេះទេ ដោយនាងបង្វែរទៅនិយាយ ពីរឿងការងារសិល្បៈ ការគ្រប់គ្រងការងារ នៅក្នុងក្រុមហ៊ុនរបស់ឪពុក និងការសិក្សា ជំនួសវិញ ដោយនាង បាន ប្រាប់ថាបច្ចុប្បន្ននាង មានការមមាញឹកជាមួយ ការងារគ្មានពេលសម្រាក់នោះទេ ហើយក៏គ្មានពេលទៅគិតពី ស្នេហាថ្មីអ្វីដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល