CamNews

ប្លែកៗ 

អាយុ៧៨ឆ្នាំ បាញ់ត្រង់ដូចកំពូលចារនារី

នៅក្នុងវ័យ "រសៀល" ទៅហើយ ប៉ុន្ដែលោកយាយ Chandro Tomar រស់នៅក្នុងប្រទេស
ឥណ្ឌា នៅតែធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែភាពស្ទាត់ជំនាញក្នុង
ការបាញ់កាំភ្លើងរបស់ខ្លួន។
លោកយាយ Chandro Tomar មានអាយុ ៧៨ឆ្នាំ បានចូលរួមក្នុងការប្រកួត និងដណ្ដើម
បានពានរង្វាន់ផ្នែកបាញ់កាំភ្លើងចំនួន ២៥  នៅក្នុងការប្រកួតដែលត្រូវបានរៀបចំឡើង
នៅជុំវិញប្រទេសឥណ្ឌា។

លោកយាយ Chandro Tomar បានមានប្រសាសន៍ថា ៖ "ខ្ញុំចង់ធ្វើអ្វីមួយដែលមាន
ប្រយោជន៍ដល់ជីវិត និងដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន។ នៅពេលបានបាញ់គ្រាប់
ដំបូង ខ្ញុំគិតថា ខ្ញុំពិតជាចូលចិត្តកីឡានេះណាស់។ នៅពេលនេះ ខ្ញុំបានបង្ហាញប្រាប់
រាល់គ្នាថា អាយុមិនមែនជាបញ្ហានោះទេ។ ប្រសិនយកចិត្តទុកដាក់ អ្នករាល់គ្នានឹងអាច
ធ្វើអ្វីៗបានទាំងអស់"។

លោកយាយ Chandro Tomar អាយុ ៧៨ឆ្នាំ

លោកយាយ Chandro Tomar បានចាប់ផ្ដើមកាន់កាំភ្លើងលើកទីមួយកាលពី ១០ឆ្នាំមុន
ខណៈដែលគាត់បាននាំចៅទៅមើលក្លឹបហាត់បាញ់កាំភ្លើងមួយនៅភូមិ Johri ក្នុងតំបន់
Uttar Pradesh ប្រទេសឥណ្ឌា។ ប្រការដែលគួរស្ងើចសរសើរ នោះគឺនៅពេលបានហាត់
បាញ់ជាមួយចៅ លោកយាយបានធ្វើអោយអ្នកបង្ហាត់ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើទោះជាមានការរវល់ធ្វើការនៅក្នុងកសិដ្ឋានដើម្បីចិញ្ចឹមគ្រួសារ ប៉ុន្ដែលោកយាយ
Chandro Tomar នៅតែឆ្លៀតពេលហាត់ ដោយការប្រើដុំថ្ម គប់ចូលទៅក្នុងដបទឹក។ នេះប្រហែលជាកត្តាដែលនាំអោយលោកយាយមានជំនាញបែបនេះ។

 
 
បច្ចុប្បន្ន លោកយាយ Chandro Tomar ត្រូវបានគេចាត់ទុកដូចជា "វត្ថុមានតម្លៃរបស់
ជាតិ" និងមានឈ្មោះល្បីទូទាំងប្រទេស ដោយសារតែភាពជំនាញក្នុងការបាញ់កាំភ្លើង
របស់គាត់។

ជាងនេះទៅទៀត លោកយាយក៏ទទួយបានមេដាយមាសនៅក្នុងការប្រកួតរកជើងឯក
ផ្នែកបាញ់កាំភ្លើងសម្រាប់អតីតទាហានដែលត្រូវបានធ្វើឡើងនៅ Chennai នៃប្រទេស
ឥណ្ឌា។

បើទោះជាមានឈ្មោះល្បី និងត្រូវបានគេគោរពច្រើន ប៉ុន្ដែជីវភាពរបស់លោកយាយ
នៅតែមិនបានផ្លាស់ប្ដូរអ្វីទាំងអស់។ លោកយាយនៅតែបំពេញការងារដូចស្ដ្រីសាមញ្ញ
ម្នាក់ នោះគឺការដាំស្ល រៀបចំផ្ទះ និងថែរក្សាគ្រួសារធំរបស់គាត់ដែលមានកូន ៦ នាក់
និងចៅ ១៥នាក់៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ DM


Tags: India gun marksmanship