ព័ត៌មានអន្តរជាតិ ៖ ចោរសមុទ្រ សូម៉ាលី ដែលបានប្លន់យកនាវាដឹកប្រេងមួយគ្រឿងនោះ បាន សម្រេចដោះលែងនាវា ទៅវិញហើយ ដោយគ្មានលក្ខខ័ណ្ឌ នេះបើយោងតាមការគូសបញ្ជាក់ដោយ ផ្ទាល់ពីសំណាក់មន្រ្តីផ្លូវការ ។
សេចក្តីប្រកាស ពាក់ព័ន្ធនឹងការដោះលែងកាប៉ាល់មកវិញ ក្រោយពីចោរសមុទ្រ សូម៉ាលីប្លន់នោះ ធ្វើឡើង រយៈពេលមួយម៉ោងក្រោយ បន្ទាប់ពីមានការបាញ់បោះគ្រាប់ពិត រវាងចោរសមុទ្រ និងកង កម្លាំងកងទ័ពជើងទឹក ទៅលើទូកមួយគ្រឿង ដែលគេមានជំនឿជាក់ឲ្យដឹងថា កំពុងតែដឹកគ្រឿង ឧបភោគបរិភោគ ក៏ដូចជា សម្ភារៈ ទៅកាន់ក្រុមចោរប្លន់ មហាសមុទ្រ ។ នាវាដឹកប្រេង ដែលធ្វើ ដំណើរពី Djibouti ទៅកាន់រដ្ឋធានីសូម៉ាលី Mogadishu ត្រូវបានក្រុមចោរសមុទ្រ ប្លន់យកកាលពីថ្ងៃ ច័ន្ទដើមសប្តាហ៍នេះ ខណៈមានក្រុមការងារ នាវិក ជនជាតិ ស្រី លង្កា ៨ នាក់ ។ ការប្លន់នាវាដឹក ប្រេងលើកនេះ គឺជាការប្លន់នាវានៅឈូងសមុទ្រ ប្រទេសសូម៉ាលី ជាលើកដំបូងហើយ បើចាប់គិត ពីឆ្នាំ ២០១២ ។
លោក Abdirahman Mohamud Hassan អគ្គនាយកចាត់ការទូទៅ នៃកងកម្លាំងប៉ូលីស សមុទ្រ Puntland ឲ្យដឹងថា បន្ទាប់ពីមានការបាញ់បោះគ្រាប់ពិត នារសៀលថ្ងៃនេះ កងកម្លាំងរបស់ យើងបានដកថយ និងបានពិភាក្សា ពីគម្រោងផែនការ ខណៈក្រុមចោរសមុទ្រក៏បានរត់គេចខ្លួន ។
យោងតាមសារព័ត៌មាន Reuters ឲ្យដឹងថា ក្រុមចោរសមុទ្រ បានអះអាងថាមានការដោះលែងនាវា ដឹកប្រេងពិតប្រាកដមែន ដោយគ្មានការទទួលយកប្រាក់រំលោះអីនោះទេ ។ ទោះជាយ៉ាងណាក៏ ដោយចុះ អតីតមន្រ្តីយោធាចក្រភពអង់គ្លេស លោក John Steed ដែលទទួលបន្ទុកអស់រយៈពេល ជាច្រើនឆ្នាំ ក្នុងការចរចារ ពាក់ព័ន្ធនឹងការដោះលែង ចំណាប់ខ្មាំងដែលត្រូវបានចោរសមុទ្រប្រទេស សូម៉ាលីចាប់នោះ គូសបញ្ជាក់ដល់សារព័ត៌មាន AFP ឲ្យដឹងថា ក្រោមចោរសមុទ្រ បានសម្រេច ចិត្ត ក្នុងការដោះលែងនាវា ដែលពួកគេមិនអាចបដិសេធបាន។
គួរបញ្ជាក់ថា លោក Hassan គូសបញ្ជាក់មុននេះឲ្យដឹងថា ក្រុមចោរសមុទ្រ បានបាញ់បោះគ្រាប់ ពិតជាមួយនឹងឆ្មាំសមុទ្រ នៅថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បន្ទាប់ពីអាជ្ញាធរ ព្យាយាម រារាំង និង រំខានដល់ទូកមួយគ្រឿង ដែលត្រូវបានគេជឿថា កំពង់តែដឹកសម្ភារៈ ដូចជា គ្រឿងឧបភោគបរិភោគ ជាដើមនោះ ទៅផ្គត់ផ្គង់ឲ្យក្រុមចោរសមុទ្រ ។ តាមរយៈការបាញ់បោះនៅលើដែនទឺកលើកនេះ គឺ បានបណ្តាលឲ្យមនុស្ស ៤នាក់ រងរបួស នេះបើយោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី