CamNews

ព័ត៌មានជាតិ 

មន្ត្រីយោធា ពាក់ស័ក្តិ៣ម្នាក់ ត្រូវរថយន្តបុកស្លាប់ យ៉ាងអាណោចអធ័ម នៅស្រុករលាប្អៀរ, រថយន្តបង្កបើករត់

(កំពង់ឆ្នាំង)៖ មន្ត្រីយោធាពាក់ស័ក្តិ៣ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូមកពី ទិញម្ហូបត្រូវរថយន្ត ហ៊ីយ៉ាន់ដាយ ចំណុះ១តោនកន្លះ បើកបុកពេញទំហឹង នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នៅ ចន្លោះគីឡូម៉ែត្រលេខ៨៣ និងលេខ៨៤ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប៉ុន្តែរថយន្តបង្ក បានបើករត់ហើយក្រឡាប់បណ្តាលឲ្យ រងរបួស២នាក់ ផងដែរ។

អធិការរងនគរបាលស្រុករលាប្អៀរ ទទួលផែនចរាចរណ៍លោកអនុសេនីយ៍ឯក សៀង រុនបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ត ហ៊ីយ៉ាន់ដាយ មួយគ្រឿង ពណ៍ខៀវពាក់ស្លាកលេខសៀមរាប 2A-5451 បើកបរទិសដៅកំពង់ឆ្នាំង-ភ្នំពេញ លុះដល់កន្លែងកើតក៏បាន បុកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពេញមួយទំហឹងបណ្ដាលឲ្យ បុរសអ្នកជិះម៉ូតូឈ្មោះ ព្រំ វុទ្ធី អាយុ៤៤ឆ្នាំ ជាមន្ត្រីយោធាពាក់សក្តិ៣ មិនស្គាល់អង្គភាពគ្រាន់តែដឹងថា អង្គភាពនៅភ្នំពេញ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ដោយឡែកអ្នកបើកបររថយន្តខណៈឃើញដូច្នេះ បានបន្ថែមល្បឿនបើកព្យាយានរត់គេចចម្ងាយ ប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ដល់ចំណុចភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ក៏ក្រឡាប់ផ្ងារជើងខ្លួនឯង ។

លោកអនុសេនីយ៍ឯក សៀង រុន បានបន្តឲ្យដឹងថា អ្នកបើកបរឈ្មោះ ថៃ ឆាយគី រស់នៅភូមិទី៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន និងម្នាក់ទៀតជាកម្មករឈ្មោះឡាវ សារៀង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh