(ភ្នំពេញ)៖ ខណៈដែលពិធីភ្ជាប់ពាក្យ របស់តារាកំប្លែងវ័យ១៧ឆ្នាំ ត្រូវជាកូនស្រីរបស់លោក សុវណ្ណ ឫទ្ធី ហៅ តាវ៉ិចទ័រ ប្រធានផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ CTN គឺកញ្ញា វ៉ាន់ នីឡា ទើបតែត្រូវបានបញ្ចប់កន្លងផុតទៅ បាន១ថ្ងៃនោះ ស្រាប់តែផ្ទុះដំណឹងថា តារាកំប្លែងប្រុសរួមក្រុម គឺនាយ ចឺម ហាក់មានអារម្មណ៍ខូចចិត្ត ព្រោះតែដៃគូសម្តែងដ៏ស័ក្តិសម វ៉ាន់ នីឡា បើកបេះដូងព្រមភ្ជាប់ពាក្យ ជាមួយប្រុសរបស់ថៅកែល្ខោនបាសាក់ ភី សុគន្ធី ចោលខ្លួន។ ជាពិសេស គឺដំណឹងក្នុងបណ្ដាញសង្គម Facebook ។
ជាមួយការបែបធ្លាយដំណឹង ដ៏រសើបនេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏បានការបង្ហោះចែករំលែករូបភាពនាយ ចឹម ភ្ជាប់ជាមួយឃ្លីបវីដេអូចម្រៀងបទរបស់នាយ មានចំណងជើងថា «ពុកអើយម៉ែអើយ នាងការចោលខ្ញុំហើយ» ដោយប្រែក្រឡាស់ដាក់ចំណងជើងថ្មីថា «បទថ្មីកំពុងល្បីពេញហ្វេសប៊ុក៖ វីដេអូថ្មីបទ ពុកអើយម៉ែអើយ នីឡា ភ្ជាប់ពាក្យចោលខ្ញុំហើយ»។ មិនតែប៉ុណ្ណោះ ក៏មានការបង្ហោះរូបប្រៀបធៀបគ្នារវាង នីឡា ថតជាមួយនាយ ចឺម និងរូបភាព នីឡា ក្រាបផ្ទឹមចងដៃជាមួយអនាគតស្វាមី លោក ផន រស្សី ថាតើរវាងអ្នកទាំងពីរ នរណាស័ក្តិសមជាមួយ វ៉ាន់ នីឡា ជាង?
ឆ្លើយតបនឹងការលើកឡើងខាងលើនេះ តារាកំប្លែងវ័យក្មេងនាយ ចឺម បានថ្លែងប្រាប់គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី២០ ខែឧសភា នេះទាំងអស់សំណើចថា «មានរឿងចឹងមកពីណា បង …! (សើច) ចេះតែដុតខ្ញុំហើយ អត់ដែលដឹងអីផង។ ផ្ទុយទៅវិញខ្ញុំមានតែសប្បាយចិត្ត ដែលប្អូនបានភ្ជាប់ពាក្យបែបនេះ ..!»។
នាយ ចឹម បានបញ្ជាក់ទៀតថា «គ្មានរឿងហ្នឹងកើតឡើងទេ រវាងខ្ញុំនិងនីឡា គឺរាប់អានគ្នាចាត់ទុកដូចជាប្អូនស្រីបង្កើតចឹង! ដោយសារយើងលេងកំប្លែង ជាមួយគ្នាមានរយៈពេល៦ឆ្នាំមកហើយ។ ដូច្នេះអ្វីៗគឺស្រឡាញ់រាប់អានគ្នា មិនខុសពីបងប្អូននោះទេ។ ចំណែករឿងដែលគេថា ខ្ញុំអត់ចិត្តឬខូចចិត្តនោះ វាមិនពិតទាល់តែសោះ ហើយក៏សង្ឃឹមថា ទស្សនិកជនឈប់មានការយល់ច្រឡំ និងដាក់ការសង្ស័យបែបនេះ មកលើខ្ញុំទៀត..!»។
ជាមួយនឹងការបញ្ជាក់ដូច្នេះ នាយ ចឹម ក៏បាននិយាយលក្ខណៈលេងសើចថា «រាល់ថ្ងៃនេះ មនុស្សសុភាពអស់ត្រឹម ចឺម នេះហើយគឺនៅស្ស៊ីនល្អទាំងអស់ (ភាពបរិសុទ្ធ)…។ ម្យ៉ាងទៀតសូមផ្តាំប្រាប់កញ្ញាផងថា ចឺម នៅកំលោះបរិសុទ្ធ មិនទាន់អស់ភាពស្ស៊ននៅឡើយទេ (សើច) …!»។
សូមបញ្ជាក់ថា តារាកំប្លែងវ័យក្មេង របស់ស្ថានីយទូរទស្សន៍ CTN ស្ថិតក្នុងក្រុមនាយ ពាក់មី គឺកញ្ញា វ៉ាន់ នីឡា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ជាផ្លូវការជាមួយបុរសរូបសង្ហា ថៅកែអកកេះ និងត្រូវជាកូនប្រុសរបស់ថៅកែល្ខោន អ្នកស្រី ភី សុគន្ធី ប្រចាំខេត្តតាកែវ ដែលពិធីនេះធ្វើឡើងនៅឯគេហដ្ឋាន របស់ឪពុកម្តាយនាង នៅម្តុំទូរសទស្សន៍ CTN ឬស្សីកែវ ដោយមានការអញ្ជើញភ្ញៀវ ចូលរួមយ៉ាងច្រើនកុះករផងដែរ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង