CamNews

ព័ត៌មានជាតិ 

ទឹកជំនន់​បន្ត​លិចលង់​ ក្នុង​ក្រុង-ស្រុក មួយចំនួន​នៅ​បាត់ដំបង

បាត់ដំបង៖ ទឹកជំនន់នៅតែបន្តលិចលង់ ស្រុក-កុ្រង មួយចំនួន នៅខេត្តបាត់ដំបង ដែលធ្វើឲ្យ កងកម្លាំងអធិការដ្ឋាន កំពុងជួយជម្លៀសប្រជាពលរដ្ឋ មកទីទួលមាន សុវត្ថិភាពពុំ មានគ្រោះថ្នាក់អ្វីទេ។ នេះបើយោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥។

លោកវរសេនីយ៍ទោ អឿម ទិត្យ អធិការស្រុកបវេល បានឲ្យដឹងថានៅស្រុកបវេលស្ថានភាព ទឹកជំនន់លិច ឃុំ ក្តុលតាហែនកំពស់ 6តឹក លិចលើ 3ភូមិគឺ ភូមិអន្លង់រៃ ភូមិស្រះទឹក និង ភូមិតាគត់សរុប 154គ្រួសារ នៅឃុំអំពិលប្រាំ ដើមទឹកឡើង 4តឹក ទឹកជំនន់ ឃុំបឹងប្រាំស្រកអស់ហើយ។

ចំណែកឯស្រុក សង្កែ នៅថ្ងៃទី១៩ កញ្ញានេះ ទឹកស្ទឹងជំនន់មានប៉ះពាល់ 2ឃុំគឺ ឃុំនរា និងឃុំ វត្តតាមិមសរុប 99គ្រួសារ ប៉ះពាល់ធ្ងន់នៅមិនបាន 17គ្រួសារ។ បានរើផ្ទះចេញ1ខ្នង (ឃុំវត្តតាមិម) មូលហេតុដាច់ជ្រាំងដល់ជើងសរសរទំហំ 3mx4m លិចផ្លូវគ្រួសក្រហមប្រវែង 230m ។

នៅក្នុងថ្ងៃនេះ ក្រុងបាត់ដំបងទឹកជំនន់ដងស្ទឹងសង្កែហក់ឡើងខ្ពស់ គួរកត់សម្គាល់ ហើយមានលិចលំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅតាម មាត់ស្ទឹងផងដែរ នេះបើតាមការរាយការណ៍ ពីលោកវរសេនីយ៍ទោ យឹម វិចិត្រ អធិការក្រុងបាត់ដំបង។ចំពោះស្រុកជាប់ព្រំដែន ដែលលិចពីថ្ងៃទី 18.9.2015 មានស្រុកកំរៀង,ភ្នំព្រឹក ,សំពៅលូនបានស្រកហើយ។

បច្ចុប្បន្នសមត្ថកិច្ច បានជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅតាមមាត់ស្ទឹង និងទីទំនាបឲ្យមានការប្រុងប្រយ័ត្ន។ នគរបាលខេត្តបាត់ដំបង កំពុង តាមដានមើល ទឹកជំនន់ជាបន្ត នឹងត្រៀមកងកម្លាំងចាំជួយ អន្តរាគមន៍គ្រប់ពេល។  សូមបញ្ជក់ថាស្រុកចំនួន ៥នៅខេត្តបាត់ដំបង រងការប៉ះពាល់ពី គ្រោះធម្មជាតិទឹកជំនន់៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Batambong