(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី ដែលហៅកាត់ថា AFC នោះ បានបញ្ជាក់ពីទីលាន ក៏ដូចជាកាល បរិច្ឆេទប្រកួត ពេលកម្ពុជា ប៉ះក្រុមចិនតៃវ៉ាន់ ក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី ទាំងពីរជើងក្នុងខែមិថុនា ឆ្នាំ២០១៦ ខាងមុខ ។
យោងតាម Facebook Page របស់គ្រូបង្វឹកកម្ពុជាលោក Lee Tae Hoon បានសរសេរថា «កម្ពុជា ប៉ះចិនតៃវ៉ាន់ ក្នុងវគ្គជម្រុះជើងឯកប្រចាំទ្វីប ជើងទី១ នៅទឹកដីតៃវ៉ាន់ នាម៉ោង ៧៖០០នាទីយប់ ស្មើនឹងម៉ោង ៦៖០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី២ ខែមិថុនា និងនៅលើទីលានកីឡដ្ឋាន ស្ថិតក្នុងទីក្រុង Kaohsung ខណៈជើងទី២ នឹងធ្វើឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ៦៖៣០ នាទីល្ងាច» ។
នេះជាយុទ្ធនាការថ្មីមួយទៀត សម្រាប់ក្រុមបាល់ទាត់ឈុតធំ ជម្រើសជាតិកម្ពុជា ក្នុងការប្រជែងយកកៅអីទៅប្រកួតពានប្រចាំទ្វីបវិញម្តង ឆ្នាំ២០១៩នៅប្រទេសអារ៉ាប់រួម ក្រោយពេលជ្រុះចេញពីវគ្គជម្រុះបាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្ស៊ីនោះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង