CamNews

ព័ត៌មានជាតិ 

កាត់ទោស អតីតអនុប្រធាន សមាគមវៀតណាម ខេត្ដកំពង់ឆ្នាំងម្នាក់ ពីបទរំលោភលើទំនុកចិត្ដ ចំនួនជាង១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ បានបើក សវនាការ ជំនុំជម្រះ និងកាត់ទោសជនជាប់ចោទ ម្នាក់ដែលជាអនុប្រធាន សមាគមវៀតណាមប្រចាំខេត្ដកំពង់ឆ្នាំង ក្រោមការចោទប្រកាន់ ពីបទ« រំលោភលើទំនុកចិត្ដ» ជាប់ពាក់ព័ន្ធនឹងករណីឆបោក ពីពាណិជ្ជករ ជនជាតិវៀតណាមម្នាក់ ចំនួនជាង១០ម៉ឺនដុល្លារប្រព្រឹត្ត កាលពីអំឡុងឆ្នាំ២០១២ និង២០១៣។

លោក គឹម រ័ត្នណារិន ចៅក្រមជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ ផាំ យុំាងម៉េន អាយុ៥៨ឆ្នាំ មានតួនាទី មុនចាប់ខ្លួន ជាអនុប្រធានសមាគមវៀតណាម ប្រចាំខេត្ដកំពង់ឆ្នាំង រស់នៅក្នុង ខេត្តកំពង់ឆ្នាំង។

ជនជាប់ចោទឈ្មោះ ផាំ យុំាងម៉េន ត្រូវបានចោទប្រកាន់ពីបទ « រំលោភលើទំនុកចិត្ដ» និងត្រូវបានចាប់ឃាត់ខ្លួន  ដោយ នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ។

ចំណែកឯ ភាគីដើម បណ្តឹងនៅ ក្នុងរឿងក្តីនេះ មានឈ្មោះ ឡេង ហ្វាងឌៀប ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅសង្កាត់ភីថុង ក្រុងកាត់យ៉ា ខេត្ដគាងយ៉ាង ប្រទេសវៀតណាម។ លោក ទូច សារិទ្ធ មេធាវីឲ្យភាគីដើមបណ្តឹង បានថ្លែងថា នៅក្នុងរឿងក្តីនេះ កូនក្តីរបស់លោក បានប្តឹង ទាមទារប្រាក់  ថ្លៃប្រាក់ដើម ចំនួន១០ម៉ឺន២ពាន់ដុល្លារ និងទាមទារប្រាក់ជម្ងឺចិត្តចំនួន១១ ម៉ឺនដុល្លារទៀតពី ឈ្មោះ ផាំ យុំាងម៉េន ។

សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមនៃ សំណុំរឿងក្តីនេះ  នៅរសៀលថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh