(ភ្នំពេញ)៖ បុរសជនជាតិកូរ៉េម្នាក់ មិនស្គាល់អត្តសញ្ញាណ និងរថយន្ដម៉ាកKiA១គ្រឿង ត្រូវបានកម្លាំងនគរបាលប៉ុស្តិវត្តភ្នំ ខណ្ឌដូនពេញ បានចាប់ឃាត់ប្រគល់ឲ្យ កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ក្រោយរកឃើញថា រថយន្តដែលគាត់កំពុងបើកនេះ គ្មានពន្ធ ហើយពាក់ស្លាកលេខជាន់គ្នា ជាមួយរថយន្ត ធុនដ្រាមួយគ្រឿងទៀត មានស្លាកលេខ ភ្នំពេញ 2AA-2015 ។
ម្ចាស់រថយន្ត ធុនដ្រា បានបាត់ស្លាកលេខរបស់ខ្លួន កាលពីរអំឡុង៦ខែមុន ក្រោយពីគេលួចដោះយកទៅបាត់ ក្នុងភូមិសាស្ដ្រខណ្ឌឫស្សីកែវ ប៉ុន្តែនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ជនរងគ្រោះក៏បានប្រទះឃើញស្លាកលេខ ដែលបានបាត់នោះ ត្រូវបានបំពាក់លើរថយន្ដ របស់ជនជាតិកូរ៉េ ទៅវិញ ទើបប្តឹងទៅសមត្ថកិច្ច ឲ្យមកជួយឃាត់ នៅចំណុច តាមដងផ្លូវព្រះមុនីវង្សទល់មុខធនាគារកាណាឌីយ៉ាសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
មន្ត្រីនគរបាល ប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថានៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ បុរសរងគ្រោះបានបើរថយន្ដ របស់ខ្លួនម៉ាកTUNDRAតាមបណ្ដោយផ្លូវព្រះមុនីវង្ស រហូតមកដល់ទល់មុខធនាគារកាណាឌីយ៉ាបានប្រទះឃើញស្លាកលេខរថយន្ដ របស់ខ្លួន ដែលបានបាត់នោះពាក់លើរថយន្ដ ១គ្រឿងម៉ាក KiA ដែលជារថយន្ដរបស់ជនជាតិកូរ៉េម្នាក់ កំពុងបើកបរតាមដងផ្លូវ។
គួរបញ្ជាក់ផងដែរថា បុរសជនជាតិកូរ៉េ បានឆ្លើយសារភាពថារថយន្ដម៉ាក KiA ដែលខ្លួនបានបើកជិះនេះ ពុំមានពន្ធទេ ដោយបានទិញពីគេមកមានស្លាកលេខជាប់ មកជាមួយតែម្ដង។
សូមបញ្ជាក់ថា បច្ចុប្បន្នបុរសជាម្ចាស់រថយន្ដម៉ាក KiA ជាជនជាតិកូរ៉េម្នាក់ ដោយបានពាក់ព័ន្ធករណីពាក់ស្លាកលេខជាន់គ្នា និងបើកបររថយន្ដ គ្មានពន្ធត្រូវបាននគរបាលប៉ុស្ដិ៍ទួលសង្កែ ដោះលែងឲ្យទៅផ្ទះវិញដោយសមត្ថកិច្ចឃាត់ទុក តែរថយន្ដប៉ុណ្ណោះ ដើម្បីស្រាវជ្រាវរងចាំ ដោះស្រាយនៅពេលក្រោយ៕





ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី