(ប៉ារីស)៖ ក្រុមជើងឯករបស់បារាំង Paris Saint Germain អាចនឹងបន្តលើកពានក្របខណ្ឌកំពូល Ligue 1 ឆ្នាំនេះ ទៀតហើយ ដោយកំពុងនាំមុខ ២៤ពិន្ទុដាច់ កំពូលតារាង បន្ទាប់ពីបន្ថែម៣ពិន្ទុយប់មិញទៀត ពេលឈ្នះក្រុមភ្ញៀវ Lorient ៣-១ ទៀត ។
ការលេងក្នុងសប្តាហ៍ទី២៤ជើងទី២ PSG មិនបានបង្អង់យូរក្នុងការស្វែងរកគ្រាប់ទី១ នៅត្រឹមចាប់ផ្តើមបាន៦នាទីដំបូង ដោយកីឡាករអ៊ុយរូហ្គាយ Edinson Cavani នៅកីឡដ្ឋាន Stade de France មុនពេលដែល Raphael Guerreiro រកគ្រាប់តាមបានស្មើវិញនៅ១៣នាទីបន្ទាប់ទៀត ។
តែយ៉ាងណាក៏ដោយខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic រកបានគ្រាប់ទី២នៅនាទីទី៥៥ មុនពេលដែលមិត្តរួម ក្រុម Lavyin Kurzawa បន្ថែមគ្រាប់ទី៣ឲ្យ PSG នៅនាទីទី៦៩ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង៩០នាទី ដើម្បីបន្តប្រវត្តិលេងមិនចាញ់រដូវកាលនេះ២៤ប្រកួតនៅ Ligue 1 ឈ្នះ២១ និងស្មើ៣ រកបាន៦៦ពិន្ទុឯណោះ ខណៈ ដែលគូប្រជែង Monaco ឈរនៅលេខ២រកបានតែ៤២ពិន្ទុប៉ុណ្ណោះ ។
PSG ជាក្រុមទី១ ក្នុងចំណោមលីកធំទាំង៥នៅអឺរ៉ុបដែលលេងមិនទាន់ចាញ់នៅឡើយទេ អស់ណាស់ត្រឹមស្មើ ទោះក្នុង Ligue 1 និង Champions League ក្តី ហើយក៏រំពឹងថា លើកពាន Ligue 1 មុនរដូវកាលលើកទី៤ជាប់ៗគ្នាផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី