(ភ្នំពេញ)៖ អ្នកនាង ពេជ្រ សោភា តារាចម្រៀងដែលទើបតែមានដំណឹងច្បាស់ថា មិនបានដើចេញពីហង្សមាស មកទល់នឹងថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវបានអ្នកគាំទ្រដឹងថា បានរៀបអាពាហ៍ពិពាហ៍មួយឆ្នាំគត់មកហើយ ជាមួយស្វាមីឈ្មោះ ឡៅ ឆាលី ជានាយទាហានខ្មែរ ធ្វើការនៅទឹកដីសម្បូរដុល្លារ នៃសហរដ្ឋអាមេរិក។ គេនៅចាំបានថា ក្នុងថ្ងៃមង្គលការ ពេជ្រ សោភា មានវត្តមានតារាសិល្បៈល្បីល្បាញ រះព្រោងព្រាត សុទ្ធតែតារាធំៗប្រចាំប្រទេសចូលរួម ដែលជាកិត្តិយសដ៏ធំធេង សម្រាប់នាង ព្រោះរៀបចំកម្មវិធី ក៏អធឹកអធ័ម មិនធម្មតាដែរ ។
ក្រោយពី ពេជ្រ សោភា រៀបការរួច នាងធ្លាប់បានផ្ដល់បទសម្ភាសន៍ ឲ្យសារព័ត៌មានក្នុងស្រុកនានាថា នាងនឹងទៅតាមស្វាមីក្នុងពេលណាមួយ ដែលមិនយូរទេ បន្ទាប់ពីចេញអាល់ប៊ុម កាហ្វេ១៥០០ អាចជាអាល់ប៊ុមចម្រៀងទោលចុងក្រោយ ក្នុងអាជីពសិល្បៈចម្រៀង របស់តារាស្រីសម្បូររឿងរូបនេះ។ ប៉ុន្តែប្រភពមួយបាននិយាយថា ពេជ្រ សោភា មិនអាចទាន់ចេញទៅណាបានទេ ព្រោះនាងកំពុងជាប់កិច្ចសន្យា ជាមួយកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The voice Cambodia» ដូចនេះនាងត្រូវបំពេញការងារនេះ ឲ្យបានចប់រួចរាល់សិន។
កំឡុងពេលដែល ពេជ្រ សោភា មិនទាន់បានចេញទៅរស់នៅជាមួយស្វាមី ក៏ដុតដៃដុតជើង រៀបចំអាល់ប៊ុមថ្មីមួយទៀត មានតែនាងនិងតារារ៉េបដ៏ល្បីល្បាញលោក ដេវីត ក្នុងអាល់ប៊ុម ម្ចាស់ក្សត្រីឬ «Queen» ដែលបទចម្រៀងក្នុងអាល់ប៊ុមនេះ សម្បូរបទចម្រៀងប្លែកៗ នឹងត្រូវចិត្តមិត្តយុវវ័យខ្លាំងណាស់ ជាពិសេសបទចម្រៀង «តាក់ទីងណឹងណឹង..!» និងបទ «ទឹកភ្នែកក្មេងរើសសំរាម» ដែលជាស្នាដៃនិពន្ធ រវាងនាង និងលោកដេវិត ដែលសុទ្ធសឹងជាមនុស្សមានសមត្ថភាព។
រឿងរ៉ាវដ៏ក្ដៅគគុកមួយ បានផ្ទុះឡើងខណៈដែល ពេជ្រ សោភា គ្រោងចាកចេញពីហង្សមាស ក្រោយពីកម្មវិធី ប្រឡងចម្រៀងបានបញ្ចប់ ប៉ុន្តែក្រោយមក ហង្សមាស បានចរចាត្រូវរ៉ូវគ្នាវិញ ក៏បន្តកិច្ចសន្យានៅក្នុងផលិតកម្មនេះដដែល ។ ប៉ុន្តែអ្វីដែលគេមិនដែលឃើញនាង និយាយសោះ គឺរឿងប្ដី ព្រោះនាងហាក់ឃ្លាតឆ្ងាយពីស្វាមី ផ្ទុយពីតារាសិល្បៈដទៃ ដែលតារាខ្លះរៀបការរួច បានពីរ ឬបីខែ ក៏ចេញទៅបាត់តាមប្ដី។ ចំណែក ពេជ្រ សោភា ធ្លាប់បាននិយាយថា នាងមានលិខិតឆ្លងដែនហើយ តែបែរជាស្ងាត់ឈឺង គ្មានដំណឹងអ្វីសោះ។
តារាចម្រៀងស្រីដ៏ល្បីល្បាញ ពេជ្រ សោភា មិនអាចសុំការបំភ្លឺបានទេ ថានាងគ្រោងចាកចេញនៅពេលណា ប៉ុន្តែមើលទៅដំណឹងចាកចេញ ទៅរស់នៅជាមួយស្វាមី ដើម្បីឆាបបានកូននោះ ហាក់កាន់តែស្ងប់ស្ងាត់ ខណៈប្រជាប្រិយភាព ចេះតែកើនឡើងបែបនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី