Francine៖តើនាងខ្ញុំ អាចមានផ្ទៃពោះឬទេ ប្រសិនបើនាងខ្ញុំរួមភេទឈរ ជាមួយដៃគូ?
អ្នកជំនាញ៖ ប្រាកដណាស់ ប្អូនអាចមានផ្ទៃពោះ បើទោះបីជាប្អូន និងដៃគូរួមភេទឈរក៏ដោយ។ មិនថាពេលណានោះទេ ឱ្យតែនារីរួមភេទជាមួយបុរសតាមទ្វារមាស នាងប្រាកដជាប្រឈមនឹងការមានផ្ទៃពោះមិនខាន។ វាមិនកំណត់ថា ដៃគូរួមភេទបែបណា ឬនៅកន្លែងណា មិនថាពួកគេរួមភេទឈរ ភាគីនារីវាយលុកពីលើ ពួកគេរួមភេទនៅក្នុងអាងទឹក ឬអាងទឹកក្ដៅ ឬដោយវិធីដទៃទៀតនោះទេ នារីនៅតែអាចមានផ្ទៃពោះជាដដែល។
មេជីវិតឈ្មោលរបស់បុរស អាចហែលបញ្រ្ចាស ទៅរកពងមេជីវិតញីលឿនណាស់។ គ្រាន់តែមេជីវិតឈ្មោល ជ្រាបចូលទៅក្នុងទ្វារមាសរបស់ស្រ្ដីភ្លាម មេជីវិតនេះ ចាប់ផ្តើមអន្ទោលទៅបង្កាត់ពូជជាមួយពងមេជីវិតរបស់មនុស្សស្រី។ ជួនកាល ប្រសិនបើភាគីខាងស្រីរួមភេទឈរ ឬវាយលុកពីលើបុរស យើងអាចកាត់ស្មានថា បុរសអាចនឹងបាញ់ទឹកកាមក្រៅទ្វារមាសរបស់នាង។ ប៉ុន្តែមេជីវិតឈ្មោលក្នុងបរិមាណគ្រប់គ្រាន់ នៅតែអាចជ្រាបចូលក្នុងទ្វារមាស ដើម្បីធ្វើឱ្យនាងមានផ្ទៃពោះ។ បើទោះបីជាបុរស ដកលិង្គចេញ មុនពេលបាញ់ចេញទឹកកាមក្ដី ក៏មនុស្សស្រី នៅតែអាចមានផ្ទៃពោះបាន ព្រោះវាអាចធ្វើឱ្យមេជីវិតឈ្មោលមួយចំនួន អាចរត់ចូលទៅក្នុងទ្វារមាស មុនពេលបុរសបាញ់ចេញទឹកកាម។
ម្យ៉ាងទៀតវាក៏អាចធ្វើឱ្យប្អូនឆ្លងជំងឺកាមរោគដែរ នៅរៀងរាល់ពេលដែលប្អូនរួមភេទ (មិនថារួមភេទតាមទ្វារមាស រូមភេទតាមទ្វារធំ ឬដោយប្រើមាត់នោះទេ) គ្រប់ក្បាច់ទាំងអស់។ ស្រោមអនាម័យ អាចជួយការពារប្អូនមិនឱ្យមានផ្ទៃពោះ និងជំងឺកាមរោគ ដូច្នេះសូមប្រើស្រោមអនាម័យ នៅរៀងរាល់ពេល ដែលប្អូនរួមភេទ មិនថាប្អូនប្រើក្បាច់អ្វីនោះទេ៕
ពិនិត្យឡើងវិញដោយវេជ្ជបណ្ឌិត Steven Dowshen, ខែមករា ឆ្នាំ២០១៧
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Kidshealth