ភ្នំពេញ ៖ គណបក្សសង្រ្គោះជាតិ (CNRP) នៅម៉ោងប្រមាណជា១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ បានរៀបចំពិធីប្រគល់ ផែនទី ទៅឲ្យរាជបណ្ឌិតសភា ដើម្បីធ្វើការផ្ទៀតផ្ទាត់ ជាមួយ ផែនទី ដែលរាជរដ្ឋាភិបាល ប្រើប្រាស់ដើម្បីបោះបង្គោលព្រំដែន ជាមួយវៀតណាម។
ការប្រគល់ផែនទីបានធ្វើឡើងបន្ទាប់ពី លោក សុខ ទូច ដែលជាប្រធាន ក្រុមស្រាវជ្រាវ នៃរាជបណ្ឌិត សភា បានស្នើឲ្យគណបក្សសង្រ្គោះជាតិប្រគល់ផែនទីកាលពីថ្ងៃទី២២ ខែកក្កដា ហើយការយកមកនេះ ដើម្បីជាព័ត៌មានប៉ុណ្ណោះ មិនអាចធ្វើជាគោលបានទេ។
ពិធីនេះដឹកនាំដោយ លោក ហុង សុខហួរ មន្រ្តីនៃខុទ្ទកាល័យរបស់លោក សម រង្ស៊ី ខណៈលោក សម រង្ស៊ីមិនមានវត្តមាននៅក្នុងប្រទេស គ្រាដែលលោកជាអ្នកយកផែនទីនេះ ដោយផ្ទាល់ដៃខ្លួនឯង ពីបារាំង។
ផែនទីនេះ ជាផែនទីឌីជីថល មិនមែនជាផែនទីក្រដាសនោះទេ ទាល់តែដាក់ក្នុងកុំព្យូទ័រ ទើបបានមើលឃើញ។
សូមបញ្ជាក់ថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៥ លោក សម រង្ស៊ី យកផែនទីពីប្រទេសបារាំង ចំនួន ២៦ផ្ទាំងដើម្បីយកមកជាជំនួយដល់រាជរដ្ឋាភិបាលក្នុងការបោះបង្គោលព្រំដែនជាប្រទេសក្បែរខាងគឺវៀតណាម។
បើតាមការបញ្ជាក់ របស់លោក សុខ ទូច បណ្ឌិតសភា បានទទួលឯកសារផែនទី ពីខាងរាជរដ្ឋាភិបាល កម្ពុជា, ទទួលឯកសារពីលោក ស៊ាន ប៉េងសែ អតីតប្រធានគណៈកម្មាធិការរៀបចំកិច្ចការព្រំដែនកម្ពុជា និងឯកសារជាច្រើនទៀត ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល