មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់អាក្រាតកាយប្រចាំឆ្នាំនៅអាមេរិក ដើម្បីជម្រុញឱ្យមានការយល់ដឹងអំពីរូបភាពរាងកាយ គាំទ្រការជិះកង់ ក៏ដូចជាជម្រុញឱ្យមានទំនាក់ទំនងទូលំទូលាយ។
កាលពីថ្ងៃអាទិត្យកន្លងទៅ មានមនុស្ស ៣.០០០នាក់ បានមកជួបជុំគ្នាដើម្បីប្រណាំងកង់អាក្រាតកាយ នៅក្នុងព្រឹត្តិការណ៍ Philly Naked Bike Ride លើកទី៨។ ការប្រណាំងកង់នេះ បានចាប់ផ្ដើមនៅឧទ្យានមួយក្បែរសារមន្ទីរសិល្បៈ Philadelphia។
ដើម្បីបានចូលរួមការប្រណាំងកង់ បេក្ខជនបេក្ខនារីទាំងអស់តម្រូវឱ្យស្លៀកតែខោទ្រនាប់ គូររូបលើដងខ្លួន ឬអាក្រាតកាយទាំងស្រុង។ មនុស្សមួយចំនួន ដោយសារតែខា្លចគេស្គាល់ ក៏បានពាក់របាំងមុខ ខណៈដែលអ្នកខ្លះពាក់តែស្រោមជើងប៉ុណ្ណោះ។
លោក Oren Eisenberg ដែលជាអ្នកធ្លាប់បានចូលរួមប្រណាំងកង់អាក្រាតកាយ ៨លើក បានថ្លែងថា “នេះគឺជាកីឡាដ៏សប្បាយរីករាយ”។
ការប្រណាំងកង់ដែលមានរយៈចម្ងាយ ២០គូឡូម៉ែត្រ ជុំវិញទីក្រុងដែលមានឈ្មោះថា “City of Brotherly Love” នេះ ស្ថិតក្នុងបណ្ដាសកម្មភាពជិះកង់អាក្រាតកាយពាសពេញពិភពលោក (World Naked Bike Ride)។ អ្នកចូលរួមប្រកួតនឹងត្រូវជិះកង់ជាមួយគ្នា ជុំវិញបណ្ដាតំបន់ទេសចរណ៍ល្បីៗនៅ Philadelphia ។
ការប្រណាំងកង់អាក្រាតកាយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ក្នុងនោះមានមនុស្សជាច្រើនបានបង្ហាញខ្លួននៅក្បែរផ្លូវ លើកដៃអបអរសាទរយ៉ាងខ្លាំងក្លា៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ huffingtonpost/pennlive