ការសិក្សាស្រាវជ្រាវបន្ទាន់ ត្រូវបានដាក់ឲដំណើរការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ ផ្ទុះឡើងនៃមេរោគ Ebola ដ៏ធ្ងន់ធ្ងរបំផុតនៅអាហ្រ្វិចខាងលិច ដោយរដ្ឋាភិបាល អង់គ្លេស រួមជាមួយនឹង Wellcome Trust ជាមួយនឹងទឹកប្រាក់សរុប ៦.៥ លានផោន។
ក្រុមអ្នកជំនាញនៅទូទាំងសកលលោក កំពុងត្រូវបានស្នើរសុំឲប្រគល់សំណើរ ត្រឹមថ្ងៃទី៨ កញ្ញា សំរាប់ការផ្តើមគំនិត ដែលអាចជួយស្វែងរកវិធីសាស្ត្រក្នុងការ ទប់ស្កាត់ ការពារ និងព្យាបាលជំងឺនេះឲបានឆាប់រហ័ស។
ប្រធាន Wellcome លោក Jeremy Farrar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏មួយ ថា៖ ភាពធ្ងន់ធ្ងរនៃការរាលដាលមេរោគ Ebola នៅអាហ្រ្វិចខាងលិចទាមទារឲមាន ការឆ្លើយតបជាបន្ទាន់ ហើយយើងជឿជាក់ថា ការស្រាវជ្រាវរកវិធីព្យាបាល អាចមាន ប្រសិទ្ធិភាពក្នុងការទប់ស្កាត់ និងព្យាបាលក្នុងកំឡុងពេលការផ្ទុះឡើងនាពេល បច្ចុប្បន្ននេះ។
វាគ្មានវិធីព្យាបាលជាក់លាក់ រឺក៏វ៉ាក់សាំងសំរាប់ Ebola ទេ ប៉ុន្តែ អង្គការសុខភាពពិភពលោក បានគាំទ្រការប្រើប្រាស់ផលិតផលដែលមិនបានធ្វើតេស្ត សាកល្បង ហើយក៏កំពុង សង្ឃឹមថានឹងមានការផ្គត់ផ្គង់ថ្នាំពិសោធន៏បានល្អប្រសើរ នៅចុងឆ្នាំនេះ។
អ្នកវិទ្យាសាស្រ្តប្រទេសអង់គ្លេស បាននិយាយកាលពីពេលថ្មីៗនេះថា៖ កន្លងមក មានមនុស្សរហូត ដល់ ៣០,០០០ នាក់ ត្រូវការការព្យាបាល រឺវ៉ាក់សាំង ក្នុងពេលមាន ការផ្ទុះឡើងថ្មីៗ នេះ ដែលវាបានសំលាប់មនុស្សជាង ១,៣០០ នាក់។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news