(ភ្នំពេញ)៖ តារាសម្តែងស្រីនាង ភិន សុដាលីស ថ្មីៗនេះបានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលស្រឡាំងកាំងស្ទើរគ្រប់គ្នា ក្រោយពីនាងបានបង្ហោះ លទ្ធផលឆ្លុះអេកូសាស្រ្ត ពិនិត្យសុខភាពមានផ្ទៃពោះ ហាក់មានចេតនាចង់ប្រកាស ប្រាប់ទស្សនិកជន ឲ្យដឹងជាសាធារណៈថា ពេលនេះនាងកំពុងមានផ្ទៃ ពោះជាមួយគូស្នេហ៍ឥតខាន់ស្លា លោក ប៉ែន ចំរ៉ុង ខណៈឪពុករបស់នាង គឺលោក អ៉ិន សុភិន នៅតែរក្សាជំហដោយ មិនលើលែងកំហុសឲ្យលោក ប៉ែន ចំរ៉ុង នៅឡើយនោះ ។
ទោះបីជាចំណងស្នេហា រវាងតារាស្រី ភិន សុដាលីស ជាមួយស្វាមីគ្មានខាន់ស្លា ប៉ុន្តែពួកគេទាំងពីរនាក់ បានចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ជាមួយគ្នារួចរាល់ហើយ និងបានសម្រេចរួមរស់ក្រោម ដំបូលផ្ទះតែមួយជាមួយគ្នា ប្រៀបដូចជាលលកញីឈ្មោល ។ លោក ប៉ែន ចំរ៉ុង និងភិន សុដាលីស ក្ដីស្នេហារបស់ពួកគេ ហាក់កាន់តែមានភាពផ្អែមល្ហែម ស្រលាញ់ខ្លាំង។ មិនតែប៉ុណ្ណោះនៅសុខៗ ថ្មីៗនេះនាងបានទម្លាយថា ខ្លួនមានកូនពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលសម្រាប់មហាជនទូទៅ ។
តាមរយៈការបង្ហោះក្រដាសពិនិត្យសុខភាព ទារកក្នុងផ្ទៃ (ឆ្លុះអេកូ) នៅលើបណ្តាញសង្គម Instagram បានបង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដល់មហាជន ស្ទើរគ្រប់គ្នា ដោយមានខ្លះបានលើកជាសំណួរថា តើ ដាលីស មានផ្ទៃពោះមែនទេ ? ឯខ្លះទៀតបានសរសេរថា «មិនទាន់រៀបការផង មានកូនបាត់» ។ ប៉ុន្តែយ៉ាងណាមិនទាន់មានការបញ្ជាក់ប្រាប់ចម្លើយ ពីតារាស្រីនាង ភិន សុដាលីស ដល់ទស្សនិកជននៅឡើយទេអំពីបញ្ហានេះ ។
ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដែលនៅសុខៗតារាស្រី ភិន សុដាលីស បែរជាទម្លាយក្រដាសឆ្លុះអេកូ មើលសុខភាពកូនក្នុងផ្ទៃ ខណៈដែលនាង និងស្វាមីលោក ប៉ែន ចំរ៉ុង មិនទាន់រៀបការក្រាបក្បាលដល់ទន្ទេលផងនោះ ។
ជុំវិញព័ត៌មាន ដែលនាងបង្ហាញ ជាសាធារណៈពីរឿងសង្ស័យមានកូននោះ គេហទំព័រ Khmertalking មិនអាចទាក់ទងសួរនាំនាង សុដាលីស និងលោក ប៉ែន ចំរ៉ុង បានទេ នៅថ្ងៃទី២០ ខែកុម្ភៈ នេះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី