ភ្នំពេញ៖ «ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងណាស់ ព្រោះនេះជាកិត្តិយសមួយដ៏ធំ ដោយខ្ញុំមិននឹកស្មានថា ខ្លួនឯងត្រូវទទួលបានជ័យលាភី ចំណាត់ថ្នាក់Top1 ក្នុងការប្រកួតប្រជែង កម្មវិធី "ខ្ញុំជាយុវជនគំរូកម្ពុជា" លើ Page របស់សម្តចតេជោ ហ៊ុន សែន ឡើយ»។ នេះការថ្លែងបង្ហាញ ចំណាប់អារម្មណ៍ ពីសំណាក់តារាស្រី ហង្ស ម៉ារីនី។
ប្រាប់គេហទំព័រ Khmertalking តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ តារាសម្តែងរូបស្រស់កញ្ញា ហង្ស ម៉ារីនី បានលើកឡើងទៀតថា« ខ្ញុំសឹងតែនឹកស្មានមិនដល់ សោះថា បានជាប់នៅក្នុងកម្មវិធីនេះ។ គ្រាន់តែដឹងលទ្ធផលភ្លាម អារម្មណ៍របស់ខ្ញុំរំភើបស្ទើរហោះ រកអ្វីនិយាយប្រៀបផ្ទឹម ពុំបានឡើយ…។ អរគុណផង ដល់ពុកម៉ែបងប្អូន និងមិត្តភក្តិបានគាំទ្រខ្ញុំ ហើយបើសិនគ្មានការ ចូលរួមគាំទ្រខ្លាំង ពីសំណាក់ពួកគាត់ទេនោះ ខ្ញុំក៏គ្មានឱកាសជាប់ជ័យលាភី ចំណាត់ថ្នាក់ Top1 ដូចពេលនេះទេ។
កញ្ញា ហង្ស ម៉ារីនី បានបន្តថា ទោះបីជានាងត្រូវជាប់ជ័យលាភី ក៏ពិតមែនតែមិនទាន់ដឹងថា ត្រូវទទួលបានអ្វីខ្លះពីសម្តេចនោះទេ។ ដោយឡែកបើសិនជាអ្វី ដែលនឹងត្រូវទទួលបាន ពីការប្រកួតប្រជែងនេះ នាងមានគោលបំណងយកទៅ ចែកជូនប្រជាពលរដ្ឋក្រី កុមារកំព្រា និងជនចាស់ជរា គ្មានទីពឹងជាដើម។
តារាស្រីរាងតូចច្រឡឹង កញ្ញា ហង្ស ម៉ារីនី បានបន្ថែមថា «ជាកិត្តិយសខ្លាំងណាស់ សម្រាប់ខ្ញុំដែលទទួលបានការគាំទ្រច្រើន រហូតឈានដល់ជាប់ចំណាត់ថ្នាក់។ ការដាក់ពាក្យចូលប្រឡង នៅក្នុងកម្មវិធី ជាយុវជនគំរូកម្ពុជា លើ Page របស់សម្តចតេជោ ហ៊ុន សែន នេះ គឺទទួលបានការជម្រុញ លើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំតែម្តង ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ផងដែរ ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសសម្រាប់យុវជន ក្នុងការចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការទទួលបានប័ណ្ឌសរសើរ និងរង្វាន់លើកចិត្តពីសម្តេច.!»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង