CamNews

តារា 

ហង្ស ម៉ា​រីនី និង​ហង្ស ម៉ារី​ណា សម្រេច​ចិត្ត​រត់​ទៅ​បួស នៅ​លើ​កំពូល​ភ្នំ​យ៉ាត ក្រោយ​ជួប​រឿង​ស៊យ​ធំ

(ប៉ៃលិន)៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈដែលនៅសុខៗ ស្រាប់តែទស្សនិកជន បានប្រទះឃើញរូបថត ជាច្រើនសន្លឹក របស់តារាសម្តែងស្រី កញ្ញា ហង្ស ម៉ារីនី និងបងស្រីបង្កើតរប​ស់នាង គឺក​ញ្ញា ហង្ស ម៉ារី​ណា ស្ថិតក្នុងឈុត​ស​ម្លៀ​​ក​បំពាក់ គ្រ​ង​ក្រ​ណាត់សំពត់ពណ៌ស និងមានបង់ក​ ដោយ​ក្រណា​ត់​ស្បៃសដូចគ្នា ​មានស​ក​ម្មភាព ជាដូនជីកាន់សីល ស្ថិតនៅលើកំពូលភ្នំមួយ។ ស្របជាមួយនឹងរូបថតបង្ហាញឲ្យឃើញ ជាសាធារណៈនេះ មានប្រភពមួយបង្ហើបថា ពួកគេទាំងពីរពិតជាបានរត់​ទៅបួសមែន បន្ទាប់ពីជួបរឿងស៊យធំ​មួយចំនួន នៅរយៈកាលប៉ុន្មានថ្ងៃ ចុងក្រោយនេះ។

ទន្ទឹមគ្នា និងភាពភ្ញាក់ផ្អើលនេះ គេហទំព័រ Khmertalking នាសៀលថ្ងៃ​ទី០៦ ខែតុលា ឆ្នាំ២០១៦​នេះ​​​ បានភ្ជាប់ទំនាក់ទំនង តាមសាអេឡិចត្រូនិច ដើម្បីធ្វើការសួរនាំជម្រះមន្ទិល របស់មហា​ជន​ពីសំណាក់ តារាសម្តែងរាងតូចច្រឡឹង កញ្ញា ហង្ស ម៉ារីនី ឲ្យបានច្បាស់​ពីការពិតថា តើវាកើ​ត​ឡើងដោយរបៀបណា​ ហើយតាមរយៈរូបថតទាំ​ងនេះ ជាការពិត ឬមួយយ៉ាង​ណា? ឆ្លើយតបនឹង​សំណួរនេះ តារាសម្តែង​ ហង្ស ម៉ារីនី បានឆ្លើយប្រាប់ដោយមិនមាន​ភាពស្ទាក់ស្ទើរ​ថា «ចា៎..បង! រូបថតនេះ ជាការពិត គឺខ្ញុំនិងបងស្រីខ្ញុំ ហង្ស ម៉ារីណា បានសម្រេចចិត្តទៅបួ​សមែ​ន!»

កញ្ញា ហង្ស ម៉ារីនី បានបញ្ជាក់ថា «កាលពីពេលថ្មីៗនេះ ខ្ញុំនិងបងស្រីបានសម្រេចចិត្ត សាង​​ភ្នួស​រយៈ​ពេ​ល៣ថ្ងៃ នៅលើទឹកដីកំពូលភ្នំយ៉ាត ហើយការបួស របស់ពួកខ្ញុំទាំងពីរនាក់នេះ ពុំមែន​បួស​ដោ​យសារមានមូល​ហេតុអ្វីមួយនោះទេ ពោលគឺគ្រាន់តែជាការបួសសងគុណ ឪពុក-ម្តាយប៉ុណ្ណោះ​។ ម្យ៉ាងទៀតការបួសនេះ គឺតម្រូវធ្វើតាម​គន្លងធម៌ វិន័យរបស់​ព្រះពុទ្ធសាសនា គឺកាន់សីល១០ដូចគ្នា នឹងព្រះសង្ឃដែរ!»

តារាសម្តែង ដែលលេចធ្លោលើសកម្មភាព មនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី បាននិយាយបន្ថែម​ថា នេះជាលើកទី២សម្រាប់នាងហើយ ដែលបានបួសសងគុណឪពុក-ម្តាយ ដោយកាលពីលើ​កទី​១​ នៅឆ្នាំ២០១៣ តែកាលនោះ នាងបួសតែម្នាក់ឯងប៉ុណ្ណោះ។ ដោយឡែក​នៅឆ្នាំ​២០១៦នេះ គឺ​នាងសម្រេចចិត្តបួសរួមគ្នា ជាមួយបងស្រី កញ្ញា ហង្ស ម៉ារីណា ម្តងទៀត។

យ៉ាងណាមិញ បើផ្អែកតាមប្រភព​ពីអ្នកធ្លាប់ស្គាល់ តារាសម្ដែង ហង្ស ម៉ារិនី បានបង្ហើបថា ការសាងភ្នួសសងគុណឪពុកម្ដាយនេះ គឺក៏ស្របពេលជាមួយនឹង ជោគវាសនារបស់នាង ហាក់ធ្លាក់ស្រកស្រុត ព្រោះតែមួយរយៈចុងក្រោយនេះ ហង្ស ម៉ារិនី បានជួបប្រទះនូវរឿងរ៉ាវស៊យផ្ទួនៗគ្នា ហើយមានរឿងខ្លះ ស្ទើរតែមានគ្រោះថ្នាក់ធំ ដល់ជីវិតទៀតផង​។ ដូច្នេះការសាងភ្នួសនេះ ក៏ជាផ្នែកមួយដើម្បីលាងជម្រះ នូវបាបគ្រោះចង្រៃទាំងពួង ឲ្យជៀសចាកចេញឆ្ងាយពីខ្លួនរបស់នាង និងនាំមកវិញនូវសិរីសួស្ដី ការរីកចម្រើនដល់ខ្លួននាងផ្ទាល់ និងក្រុមគ្រួសារ ពេលលាចាកសិក្ខាបទមកវិញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Hong marini