(ភ្នំពេញ)៖ តារាសម្តែងរាងតូចច្រឡឹង លេចធ្លោលើសកម្មភាពមនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី បានត្រៀមគម្រោងចែកអំណោយ ជាសម្លៀកបំពាក់ និងគ្រឿងឧបភោគ-បរិភោគ មួយចំនួនដល់ចាស់ៗ នាឱកាសជិតចូលដល់រដូវបុណ្យភ្ជុំខាងមុខ ដែលពិធីនេះ ចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងទឹកដី ខណ្ឌសែនសុខ។
បើតាមការឲ្យដឹងពីតារាស្រី កញ្ញា ហង្ស ម៉ារីនី បានប្រាប់ Khmertalking តាមរយៈសារអេឡិចត្រូនិច នៅមុននេះបន្តិចថា នៅថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ខាងមុខនេះ ក្រៅតែពីការចែកអំណោយ ជាសម្ភារៈនិងសម្លៀកបំពាក់ដល់ចាស់ៗក្រីក្រ រស់នៅខណ្ឌសែនសុខនោះ ក្រុមការងាររបស់នាង ក៏នឹងមានការរៀបចំ រថយន្តសម្រាប់ដំណើរកំសាន្តនិងមកញ៉ាំអាហារជួបជុំគ្នា សម្រាប់ពួកគាត់ (ចាស់ៗក្រីក្រ) នៅផ្សារទំនើបអ៉ីអន និងការជិះរថយន្តលំហែកំសាន្ត មកមុខព្រះបរមរាជវាំង ព្រមទាំងកន្លែងផ្សេងៗ ទៀតផងដែរ។
កញ្ញា ហង្ស ម៉ារីនី បានបន្តទៀតថា «ការរៀបចំឲ្យមានការញ៉ាំអាហារ មានដូចជាស៊ុប ឬភ្លៅមាន់សម្រាប់ចាស់ៗក្រីក្រនេះ គឺដោយហេតុថា កន្លងមកពួកគាត់ពុំដែលធ្លាប់ភ្លក្ស រសជាតិរបស់ឆាញ់ៗបែបនេះឡើយ ទើបក្រុមការងាររបស់ពួកខ្ញុំ ធ្វើអ្វីដែលជាការស្នើរសុំ ពីសំណាក់ពួកគាត់តែម្តង!»។
តារាសម្តែងកញ្ញា ហង្ស ម៉ារីនី បានបន្ថែមថា បន្ទាប់ពីការញ៉ាំអាហារ និងជិះរថយន្តធ្វើដំណើរកំសាន្តនៅកន្លែងសំខាន់ៗមួយចំនួនហើយ គឺក្រុមការងាររបស់នាង និងដឹកពួកគាត់ត្រឡប់ទៅ គេហដ្ឋានវិញផងដែរ។ ម្យ៉ាងទៀត នេះក៏ជាគោលបំណងសំខាន់មួយ សម្រាប់ឱកាសរដូវបុណ្យភ្ជុំផងដែរ ព្រោះថ្ងៃសៅរ៍ទី១៧ កញ្ញា នេះជាវេលាថ្ងៃដាក់បិណ្ឌ១ នៃឱកាសបុណ្យភ្ជុំបិណ្ឌ របស់ខ្មែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង