CamNews

ព័ត៌មានជាតិ 

ជំនួយការឧត្តមសេនីយ៍យោធាផ្កាយ៣ វិសុទ្ធ សំបូរ និងបក្ខពួក លួចរថយន្ត ត្រូវសមត្ថកិច្ចដេញបង្ក្រាបបាន នៅកៀន

(កណ្តាល)៖ មន្រ្តីនគរបាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ Fresh News ថា ជំនួយការរបស់លោកឧត្តមសេនីយ៍យោធាផ្កាយ៣ ឯក វិសុទ្ធ សំបូរ និងបក្ខពួកម្នាក់ទៀត បានលួចរថយន្តរបស់ប្រជាពលរដ្ឋ ហើយត្រូវបានកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដេញបង្ក្រាបទៅដល់ស្រុកកៀនស្វាយ ទើបចាប់បានម្នាក់ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា «ជនសង្ស័យទី១ឈ្មោះ ហេង សុជាតិ ហៅម៉ៅ អាយុ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំខ្សាម ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន និងទី២ឈ្មោះ ចក់ រត់គេចខ្លួនបាត់ (តាមការឆែកឆេរថយន្តជនល្មើស រកឃើញអាវប៉ារ៉ា១ ផ្លាកបញ្ជាការដ្ឋានអង្គរក្សមាន ឈ្មោះ ជុំ តារា មុខងារជំនួយការផ្ទាល់ ឧត្តមសេនីយ៍ឯក វិសុទ្ធ សំបូរ និងលិខិតបញ្ជារបេសកកម្ម១សន្លឹក»

ដោយឡែក ជនរងគ្រោះមានឈ្មោះ សួង រ៉ន អាយុ៣២ឆ្នាំ ស្រុកកំណើតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៦៧០BC ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួនម៉ាក ហ៊ីយ៉ាន់ដាយផតធឺ ពណ៌ស ស្ថិតនៅចំណុច បណ្ណាគារសេនសឺ ផ្ទះ៦៧០BC ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ស្រាប់តែជនល្មើសទាំង២នាក់ ជិះរថយន្តមួយគ្រឿងម៉ាក Camry Hybrid ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2V-0220 មកធ្វើសកម្មភាពលួចរថយន្ត ប៉ុន្តែជនរងគ្រោះចាប់តាម Camera ក៏ដឹងថា ក្រុមជនល្មើសទាំង២នាក់ បើកសំដៅទៅកៀនស្វាយ ក៏ប្តឹងទៅសមត្ថកិច្ចតាមចាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមច្បាប់ ខណៈជនល្មើសដែលជំនួយការ លោកឧត្តមសេនីយ៍យោធាផ្កាយ៣នោះ បាននិងកំពុងរត់គេចខ្លួន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh