CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ បង្គាប់ក្រុមការងារ Facebook ចេះពន្យល់អ្នកជេរប្រមាថពាក្យ «អាខ្វាក់» ហើយមិនឱ្យលុប Comment

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការតូចចិត្តនឹងអ្នកប្រមាថជេរសម្តេច ដោយប្រើពាក្យអសុរសថា «អាខ្វាក់» នៅលើបណ្តាញសង្គម Facebook ប៉ុន្តែសម្តេចពុំបានបញ្ជាឱ្យចាត់វិធានការ ឬលុប Comment (ខមមិន) របស់ពួកគេទេ គ្រាន់បង្គាប់ឱ្យក្រុមការងារចេះពន្យល់ពួកគេប្រកបដោយសីលធម៌ ដែលនាំឱ្យប៉ះពាល់ទៅដល់ទឹកចិត្តជនពិការដទៃទៀតប៉ុណ្ណោះ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ និងចែកអំណោយជូនកុមារពិការភ្នែក និងគ-ថ្លង់ នៅសាលាកុមារពិការភ្នែក និងកុមារគ-ថ្លង់ភ្នំពេញថ្មី របស់អង្គការគ្រួសារថ្មី នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា «តា (ខ្ញុំ) ទទួលការប្រមាថ វាគ្រប់គ្រាន់ណាស់ទៅហើយ ដែលគេហៅថា "អាខ្វាក់" ត្រឹមតែខូចភ្នែកម្ខាង ហើយធ្វើដល់នាយករដ្ឋមន្រ្តី គេជេរ "អាខ្វាក់" នេះជាការប្រមាថមួយធ្ងន់ណាស់ ឥឡូវនេះក្នុងទំព័រ Facebook របស់តា...តាបានប្រាប់ក្រុមអ្នកជំនួយការទាំងអស់ នៅពេលដែលគេចូលមកជេរ "អាខ្វាក់" គឺសុំរក្សាសិទ្ធិអត់មានឱ្យដកចេញទេ ទុកភាសា "អាខ្វាក់" នេះ រួចហើយយើងធ្វើការអប់រំគេត្រឡប់ទៅវិញថា ក្មួយ ឬកូន ឬចៅ កុំប្រើភាសានេះតទៅទៀត ចុះបើករណីនេះធ្លាក់ទៅលើ ចៅ ឬក្មួយខ្វាក់វិញ គេហៅអញ្ចឹង តើក្មួយមានការឈឺចាប់ទេ»

សូមជំរាបថា នៅថ្ងៃ១៦ មេសា ឆ្នាំ១៩៧៥ ពោលគឺមួយថ្ងៃមុនពួកខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ យុទ្ធជនម្នាក់ ក្នុងវ័យជាង២០ឆ្នាំ ដែលស្ម័គ្រចិត្តចូលបម្រើកងទ័ពតាមការអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានរងរបួសពិកាភ្នែកខាងឆ្វេង ដោយសារអំបែងគ្រាប់ផ្លោងកាំភ្លើងធំ នៅខេត្តកំពង់ចាម។ យុទ្ធជនម្នាក់នោះគឺ សម្តេចតេជោ ហ៊ុន សែន ដែលក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា នាពេលបច្ចុប្បន្នទាំងមិននឹកស្មានដល់។ នេះបើតាមសៀវភៅ «ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា» ដែលនិពន្ធដោយជនបរទេស២រូប។

សៀវភៅនេះបានសរសេរថា ដោយសារតែភាពពិការភ្នែកនេះហើយ បានជួយឱ្យសម្តេចមានឱកាសរៀបការ ជាមួយមនុស្សជាទីស្រលាញ់ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅក្នុងក្រុមអាពាហ៍ពិពាហ៍ក្រុមជនពិការ ១៣គូ ដែលរៀបចំដោយកម្មាភិបាលខ្មែរក្រហម ព្រោះច្បាប់ព្រៃកាលណោះនឹងមិនឱ្យមានបុរសណាដែលមានវ័យក្រោម ៣០ឆ្នាំ អាចរៀបការបាននោះទេ លើកលែងតែជនពិការតែប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី ក្នុងពិធីសំណេះសំណាលជាមួយកុមារពិការភ្នែក និងគ-ថ្លង់ នៅព្រឹកមិញ សម្តេចតេជោ ហាក់ដូចមិនបានខឹងសម្បារ ជាមួយនឹងការប្រមាថជេរ "អាខ្វាក់" នោះទេ ប៉ុន្តែសម្តេចអះអាងថា នឹងប្រើប្រាស់វិធីត្រជាក់ជាសារអប់រំ ត្រឡប់ទៅកាន់ពួកគេវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំចង់ប្រើប្រាស់នូវវិធីអប់រំតាមរយៈ បណ្តាញទំនាក់ទំនងសង្គមត្រឡប់ទៅវិញ គឺចូលមកចុះ សូមអញ្ជើញចូលមកជេរចុះ ហើយអត់ប្រលេះចេញទេ ឱ្យជេររួចហើយយើងនឹងផ្តល់សារអប់រំត្រឡប់ទៅគេវិញ ព្រោះឪពុកម្តាយរបស់គេ ក៏មិនចង់ឱ្យកូនមានភាព ទំនើងឬក៏គ្មានគុណធម៌ រហូតដល់ជេរ "អាកាំបុត" "អាខ្វាក់" "មីខ្វាក់" "មីខ្វិន" ឬអញ្ចេះអញ្ចុះ វារឿងមួយអកុសលណាស់»

ថ្វីត្បិតតែមជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា អ្នកប្រើប្រាស់ពាក្យអសុរសមួយចំនួន គឺជាក្រុមប្រឆាំង និងក្រុមលាបពណ៌ក៏ដោយ ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានទម្លាយថា អ្នកដែលជេរសម្តេចថា «អាខ្វាក់» ជាក្រុមណានោះទេ។

កាលពីល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ ក្នុងពិធីសំណេះសំណាលជាមួយយុវជន សកម្មជនគណបក្សសង្រ្គោះជាតិ មកពី២៥រាជធានីខេត្ត នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យសកម្មជន យុវជន របស់គណបក្សសង្រ្គោះជាតិទាំងអស់ ជៀសវាងនូវការការប្រើប្រាស់ ពាក្យជេរប្រមាថទាំងឡាយដែលធ្វើឱ្យអ្នកដទៃឈឺចាប់៕

 

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh