CamNews

ប្លែកៗ 

នារីទម្ងន់ ៥០០គីឡូក្រាម ចេញពីផ្ទះជាលើកដំបូង ក្នុងអំឡុង២៥ឆ្នាំ ដើម្បីទៅព្យាបាល ជម្ងឺធាត់

អាយុ ១១ឆ្នាំ នារីជនជាតិអេហ្ស៊ីបនេះ ត្រូវរបួសខួរក្បាល ហើយតាំងពីពេលនោះមក ទម្ងន់រាង
កាយរបស់នាង ចេះតែកើនឡើងមិនឈប់។

Iman Ahmad Abdulati អាយុ ៣៦ឆ្នាំ មកពីអេហ្ស៊ីប នឹងហោះហើរពីស្រុកកំណើត Alexandria
ប្រទែសអេហ្ស៊ីប ទៅកាន់ឥណ្ឌាដើម្បីព្យាបាលជម្ងឺធាត់។ Iman Ahmad Abdulati មានទម្ងន់ដល់
ទៅ ៥០០គីឡូក្រាម និងត្រូវបានគេចាត់ទុកជាស្រ្ដីដែលធាត់បំផុតក្នុងពិភពលោក។ នេះគឺជា
លើកដំបូងហើយដែល Iman ចាកចេញពីផ្ទះ ក្នុងអំឡុង២៥ឆ្នាំដើម្បីព្យាបាលជម្ងឺ។

មន្ទីរពេទ្យមួយនៅឥណ្ឌា បានស្នើសុំធ្វើការព្យាបាលដោយមិនគិតថ្លៃដល់ Iman។ បញ្ហាបាន
កើតឡើង នៅពេលធ្វើទិដ្ឋាការ ដោយសារប្រទេសឥណ្ឌាតម្រូវឱ្យអ្នកឆ្លងដែនមកធ្វើលិខិត
ដោយផ្ទាល់ខ្លួន ខណៈដែលនាងមិនអាចដើរបាន។ ដូច្នេះ នាងក៏មិនទទួលបានវីហ្ស៊ា រហូត
ដល់មានអន្តរាគមន៍ពីវេជ្ជបណ្ឌិត Muffazzal Lakdawala ទើបបញ្ហានេះត្រូវបានដោះស្រាយ។

វេជ្ជបណ្ឌិត Lakdawala និយាយថា “Iman មិនអាចដើរបាន ដោយសារទម្ងន់ និងជម្ងឺហើមជើង
ដៃ”។

បញ្ហាធំបំផុតបច្ចុប្បន្ន សម្រាប់ក្រុមគ្រូពេទ្យ នោះគឺ ការបញ្ជូន Iman មកឥណ្ឌា។ ពួកគេគិតថា
អាចនឹងជួលយន្តហោះមួយគ្រឿងដើម្បីដឹក Iman។ តាមគម្រោង ការព្យាបាលនេះនឹង អូស
បន្លាយរយៈពេលមួយឆ្នាំ។ ក្រុមគ្រូពេទ្យបានគន់គូរឃើញថា Iman នឹងស្រកទម្ងន់បាន ៤០០
គីឡូក្រាមក្នុងរយៈពេល២ឆ្នាំ បើសិនអនុវត្តត្រឹមត្រូវបានវិធីសាស្ដ្រ។

ចាប់ពីអាយុ ១១ឆ្នាំ Iman ត្រូវរបួសខួរក្បាល ហើយតាំងពីពេលនោះមក នាងត្រូវពឹងលើជំនួយ
ពីម្ដាយ និងបងស្រី ក្នុងការបំពេញការងារប្រចាំថ្ងៃ ដូចជា ងូតទឹក ឬហូបចុកជាដើម។

ឪពុកម្ដាយរបស់ Iman ឱ្យដឹងថា ពេលទើបកើត Iman មានទម្ងន់ ៥គីឡូក្រាម និងត្រូវបានគ្រូ
ពេទ្យពិនិត្យឃើញថា នាងមានជម្ងឺហើមដៃជើង។ ប៉ុន្តែ របួសខួរក្បាលកាលពីនាងមានអាយុ
១១ឆ្នាំ ទើបជាបញ្ហាដែលធ្វើឱ្យនាងកាន់តែធាត់ រហូតដល់មិនអាចគ្រប់គ្រងបាន។

វេជ្ជបណ្ឌិត Lakdawala និយាយថា “ជិវិតរបស់ Iman កំពុងជួបគ្រោះថ្នាក់។ នាងដូចជារស់នៅ
ជាមួយនឹងគ្រាប់បែកមិនទាន់ផ្ទុះ។ យើងខ្ញុំនឹងពិនិត្យយ៉ាងប្រុងប្រយ័ត្នដើម្បីធានាថានឹងមិនមាន
បញ្ហាធំចំពោះសួត ឬសរសៃឈាម នៅមុនពេលវះកាត់”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: Iman Ahmad Abdulati ធាត់ជាងគេក្នុងលោក