CamNews

ប្លែកៗ 

ស្ដ្រីឥណ្ឌាដាក់កូនតូចឱ្យរមៀលលើគំនរលាមកគោ ដើម្បីបួងសួងសុំសេចក្ដីសុខ (មានវីដេអូ)

អ្នកម្ដាយជនជាតិឥណ្ឌាមួយចំនួនអះអាងថា សកម្មភាពនេះនឹងនាំមកនូវសុខភាពល្អ និងប្រការ
ល្អៗដល់កូនរបស់ពួកគេ។

បណ្ដាទារក និងក្មេងតូចៗ ត្រូវបានឪពុកម្ដាយ ដាក់ឱ្យរមៀលលើគំនរលាមកគោក្នុងពិធីបុណ្យ
ចម្លែកមួយរបស់ឥណ្ឌា ដើម្បីជាការបួងសួងសុំសេចក្ដីសុខដល់កូនៗ។

វីដេអូមួយបានបង្ហាញថា ក្មេងតូចៗ ត្រូវបានគេដាក់ឱ្យអង្គុយ ឬដេកនៅកណ្ដាលគំនរលាមកគោ
ហើយបណ្ដាអ្នកម្ដាយ នាំគ្នាឈរជុំវិញ ដើម្បីការពារមិនឱ្យកូនរត់គេច។

ទម្លាប់នេះត្រូវបានគេធ្វើឡើងក្នុងរយៈពេលច្រើនសតវត្សកន្លងមកនេះ។ ស្ដ្រីទាំងឡាយដែលបាន
ចូលរួមក្នុងពិធីនេះ បានអះអាងថា ពិធីនេះនឹងនាំមកនូវសេចក្ដីសុខ និងសុខភាពល្អដល់កូនៗរបស់
ពួកគេ។ ប៉ុន្តែ ក្មេងតូចៗទាំងនេះ ហាក់មិនពេញចិត្ត ពួកគេស្រែកយំ នៅពេលត្រូវដាក់ឱ្យអង្គុយ
លើលាមកគោបែបនេះ។ ពួកគេ តែងរកវិធីគេចចេញពីកន្លែងនេះ។

ក៏ប៉ុន្តែ ស្ដ្រីទាំងឡាយ នៅតែបន្តចាប់កូនៗ ដាក់ទៅលើគំនរលាមកគោដែលត្រូវបានតុបតែងដោយ
ផ្កា ហើយចាប់ពួកគេ បង្វិល រមៀលចុះឡើង ដើម្បីឱ្យប្រាកដថា កូនៗពិតជាបានប្រលាក់លាមក
គោ។

ពិធីបុណ្យនេះត្រូវបានធ្វើឡើងដោយប្រជាជននៅ Betul ក្នុងតំបន់ Madhya Pradesh ប្រទេស
ឥណ្ឌា នៅថ្ងៃទី ២វិច្ឆិការៀងរាល់ឆ្នាំ បន្ទាប់ពីពិធីបុណ្យ Diwali ដែលជាបុណ្យធំបំផុតនៃសាសនា
ហិណ្ឌូនៅឥណ្ឌា។

បើទោះជាស្ដ្រីទាំងឡាយជឿថា ការដាក់កូនៗនៅលើលាមកគោគឺជារឿងល្អ ប៉ុន្តែ ក្រុមគ្រូពេទ្យបែរ
ជាមានការព្រួយបារម្ភ។

គ្រូពេទ្យ Rathore Mangilal ដែលជាគ្រូពេទ្យផ្នែកវះកាត់ម្នាក់ប្រចាំនៅមន្ទីរពេទ្យ Pooja នៅ Betul
យល់ថា ៖ “នោះគឺជាទំនៀមទម្លាប់ចាស់ ត្រូវបានប្រជាជននៅទីនេះធ្វើឡើង”។

គ្រូពេទ្យរូបនេះបន្តថា “ខ្ញុំនឹងមិនរិះគន់នោះទេ ប៉ុន្តែ ក៏មិនលើកទឹកចិត្តនោះដែរ។ ទំនៀមទម្លាប់នេះ
អាចនឹងបង្កគ្រោះថ្នាក់ដល់ក្មេងៗ ពិសេសគឺក្មេងដែលមានរបួស។ មេរោគក្នុងលាមកគោ ក៏អាច
បង្កបញ្ហាដល់ស្បែករបស់ទារក”។



គោគឺជាសត្វដែលគេគោរពក្នុងសាសនាហិណ្ឌូ។ មនុស្សជាច្រើនជឿថា ទឹកនោមគោ និងលាមក
គោមានតម្លៃក្នុងវិជ្ជសាស្ដ្រ ហើយការសម្លាប់គោ ក៏ត្រូវបានគេហាមឃាត់នៅតំបន់មួយចំនួនរបស់
ប្រទេសឥណ្ឌា៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ the sun


Tags: ពិធីបុណ្យ លាមក គោ ឥណ្ឌា