(ប៉ារីស)៖ ការទទួលបានជ័យជំនះក្នុងទឹកដីត្រឹមតែលទ្ធផលបច្ចេកទេស ២-១ យប់មិញរបស់ក្រុមជើងឯកបារាំង Paris Saint Germain ទៅលើក្រុមភ្ញៀវមកពីអង់គ្លេសតោខៀវ Chelsea ក្នុង Champions League ជើងទី១ វគ្គ១៦ក្រុម រឹតតែគ្រោះថ្នាក់ខ្លាំងឡើង ប្រសិនបើ Chelsea រកគ្រាប់បាល់ឈ្នះត្រឹមតែ ១-០ ក្នុងជើងទី២វិញនោះ ។
ការស៊ុតបាល់ពិន័យ Free-Kick បានសម្រេច១គ្រាប់នៅនាទីទី៣៩របស់កីឡាករខ្សែប្រយុទ្ធ Zlatan Ibramovich នៅកីឡដ្ឋាន Parc des Princes នៅមិនទាន់រួចខ្លួននោះទេ ដោយត្រូវបាន John Mikel Obi រកគ្រាប់តាមបានស្មើវិញ នៅ៦នាទីបន្ទាប់ ជាមួយនឹងការស៊ុតគ្រាប់ជ័យជំនះរបស់កីឡាករ Edinson Cavani នៅនាទីទី៧៨ ក្រោយពីទទួលបាល់ពី Angel Di Maria នោះ ។
ជ័យជំនះត្រឹមតែ ២-១ ក្នុងទឹកដីបែបនេះ រឹតតែធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Laurent Blanc គឺអាចប្រឈមទៅនឹងការហាលអាវ ប្រសិនបើ Chelsea យកឈ្នះត្រឹមតែ ១-០ វិញនោះនៅក្នុងទឹកដី Stamford Bridge ក្នុងជើងទី២ នារាត្រីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ គ្រាដែល Zenit St. Petersburg ទទួល ភ្ញៀវ Benfica មកពីព័រទុយហ្គាល់វិញម្តង ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី