CamNews

ប្លែកៗ 

ទារកម្នាក់នៅតែមានជីវិត បន្ទាប់ពីត្រូវគេចាក់១៤កាំបិទ និងកប់ផ្កាប់មុខក្នុងដី

ទារកអាយុ៧ខែ មានឈ្មោះថា Aidin រស់នៅក្នុងខែត្រ Khon Kaen ប្រទេសថៃ ត្រូវគេប្រទះឃើញ
កប់ក្នុងដីជម្រៅ ២០សង់ទីម៉ែត្រ កាលពីខែកុម្ភៈកន្លងទៅ។ ប្រការដែលគួរចាប់អារម្មណ៍គឺនៅលើ
ដងខ្លួនទារកនេះ មានស្នាមកាំបិតចំនួន ១៤កន្លែង ដែលនេះប្រហែលជាជនដៃដល់ចង់ចាក់ចម្លាប់
មុននឹងកប់ចោល។

ប៉ុន្តែ អ្នកឃ្វាលសត្វម្នាក់មានឈ្មោះថា Kachit Krongyut បានឃើញជើងដ៏តូចមួយផុសពីដីក្រោម
ដើមឈើមួយដើម និងឮសម្លេងយំ ហើយក៏ប្រញាប់កាយដី ទើបដឹងថា មានទារកម្នាក់ត្រូវគេកប់
ទាំងរស់។

អ្នកស្រី Kachit Krongyut ឱ្យដឹងថា “ដំបូងខ្ញុំគិតថា មានអ្នកណាម្នាក់កប់សត្វចិញ្ចឹមរបស់ខ្លួន ប៉ុន្តែ
ភ្លាមនោះ ខ្ញុំបានឃើញជើងតូចមួយ។ ខ្ញុំបានហៅឱ្យគេជួយ។ ពេលកាយឡើង ខ្ញុំឃើញទារកនេះ
ត្រូវគេកប់ផ្កាប់មុខ”។

ទារកនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ក្រុមគ្រូពេទ្យនិយាយថា កម្លាំងដី
ខ្សាច់ដែលសង្កត់ពីលើមុខរបួសបានជួយឃាត់ឈាមមិនឱ្យហូរ ដែលនេះបានជួយឱ្យទារកនៅ
មានជីវិត។

បើទោះត្រូវរបួសជាទម្ងន់ និងត្រូវកប់ទាំងរស់ ប៉ុន្តែ ទារកនេះ បានជាសះស្បើយយ៉ាងលឿន។
ក្រោយពីសុខភាពបានល្អឡើងវិញ ទារក Aidin ត្រូវបានបញ្ជូនទៅថែទាំនៅក្នុងមណ្ឌលកុមារ
កំព្រា។

សំណាងល្អណាស់ មិនយូរប៉ុន្មាន ទារក Aidin ត្រូវបានគូស្វាមីភរិយាជនជាតិស៊ុយអែតសុំយកទៅ
ចិញ្ចឹម។ Supachai Pathimchart ប្រធានមណ្ឌលកុមារកំព្រាបានឱ្យដឹងថា “យើងខ្ញុំបានពិនិត្យ
យ៉ាងល្អិតល្អន់ដើម្បីធានាឱ្យបានថា Aidin នឹងត្រូវបានទទួលចិញ្ចឹមដោយគ្រួសារល្អមួយ”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: កប់ទាំងរស់ ថៃ ទារក