យានអវកាស Voyager-1 របស់ NASA ទើបត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្រ ទទួលស្គាល់ កាលពីថ្ងៃទី ១២ ថា គឺជាឧបករណ៍សិប្បនិមិត្តដំបូងរបស់មនុស្ស ដែលបានហោះចេញផុតពីប្រព័ន្ធព្រះអាទិត្យ។
Voyager-1 របស់ NASA បានហោះទៅឆ្ងាយពីផែនដី ប្រមាណជា ១៩ពាន់លានគីឡូម៉ែត្រ
បណ្ដាឧបករណ៍វាស់វែងនៅលើយានអវកាសផ្សងព្រេង Voyager-1 បង្ហាញថា វាបានចាកចេញផុតពីឥទ្ធិពលរបស់ព្រះអាទិត្យ ហើយកំពុងចូលទៅក្នុងចន្លោះនៃបណ្ដាផ្កាយនានា ក្នុងលំហអាកាស។ បច្ចុប្បន្ន Voyager-1 របស់ NASA បានហោះទៅឆ្ងាយពីផែនដី ប្រមាណជា ១៩ពាន់លានគីឡូម៉ែត្រ។
Voyager-1 បានឆ្លងផុតពីលំហអាកាសដែលមានប៉េងប៉ោងឧស្មានយក្សក្ដៅដែលបាញ់ចេញពីព្រះអាទិត្យ កាលពីមួយឆ្នាំមុន ប៉ុន្ដែមកដល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ កំពុងតែប្រមូលភ័ស្ដុតាងបន្ថែមទៀត ដើម្បីបញ្ជាក់ថា វាលែងទទួលឥទ្ធិពលពីព្រះអាទិត្យ។
Edward Stone ប្រធានក្រុមអ្នកវិទ្យាសាស្ដ្រ បានថ្លែងនៅក្នុងបន្ទប់ពិសោធ Jet Propulsion របស់ NASA ដែលមានទីតាំង នៅ Pasadena, Califorlia អាមេរិក ឱ្យដឹងថា ៖ “នេះគឺជាដំណាក់កាលដ៏សំខាន់ និងជាការចាប់ផ្ដើមសម្រាប់ដំណើរការថ្មីមួយ” ។
Voyager-1 កំពុងស្ថិតនៅកណ្ដាលលំហអាកាស ចម្លោះផ្កានានា ក្នុងគន្លងដំរីស (Milky Way)
គួររំឭកថា Voyager-1 ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ១៩៧៧ ជាមួយនឹង Voyager-2 ។ Voyager-1 មានតួនាទីស្រាវជ្រាវអំពីបណ្ដាភពនានា និងបណ្ដាចំហាយឧស្មានយក្ស ដែលនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។
Bill Kurth មកពីសកលវិទ្យាល័យ Lowa និងជាអ្នកនិពន្ធរបស់ទស្សនាវដ្ដីវិទ្យាសាស្ដ្រ បានអះអាងថា ៖ “បើទោះជាត្រូវបានចំណាយពេលដល់ទៅ ៣៦ឆ្នាំ ប៉ុន្ដែនេះគឺជាប្រការដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំ” ។ លោកបន្ថែមថា Voyager គឺជាដំណើរដ៏អស្ចារ្យ ជាងអ្វីដែលមនុស្សមួយចំនួន បានស្រមៃ។
NASA បានបង្ហើបឱ្យដឹងថា ប្រាក់ចំណាយសរុបសម្រាប់គម្រោងយានអវកាស Voyager គឺ ៩៨៨លានដុល្លារ ដោយរួមទាំងការបាញ់បង្ហោះ ថ្មនុយក្លេអែររបស់យានទាំងពីរ និងប្រាក់ចំណាយសម្រាប់ក្រុមអ្នកវិទ្យាសាស្ដ្រ។
ដោយ ៖ តារា
ប្រភព ៖ Space