(ភ្នំពេញ)៖ ស្ទើរមួយគួរឲ្យជឿត្រឹមតែ ៩នាទីប៉ុណ្ណោះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា រកបាន ៣គ្រាប់ម្នាក់ឯង (Hat-Trick) ដើម្បីជួយក្រុមខ្លួន វាយបកយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-១ ដែលធ្វើឲ្យអ្នកគាំទ្រក្រុមព្រះខ័នរាជស្វាយរៀងខកចិត្តជាខ្លាំង ស្របពេលក្រុមពួកគេគាំទ្រធ្វើការនាំមុខ ១-០ រហូតដល់នាទីទី៨៥ ទៅហើយនោះ ។
ជំនួបជើងទី១ នៃលីគកំពូលកម្ពុជា ដែលបញ្ចប់នាក្បាលព្រលប់ថ្ងៃទី២១ ខែឧសភានេះ ក្រុមបឹងកេតអង្គរ បានបន្ថែម ៣ពិន្ទុ ដើម្បីឈរកំពូលតារាងបណ្ដោះអាសន្នជាមួយ ២១ពិន្ទុទាំងលំបាកបំផុត នៅពេលប៉ះក្រុមព្រះខ័នរាជស្វាយរៀង ។ តង់ទី១ ព្រះខ័នរាជស្វាយរៀង ហាក់មានប្រៀបលើបឹងកេត ហើយថែមទាំងមានឱកាសរកគ្រាប់បាល់ជាច្រើនលើកទៀតផង តែធ្វើមិនសម្រេចមុននឹងបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ។
លុះចូលតង់ទី២ ទោះបីលោក ប្រាក់ សុវណ្ណារ៉ា ផ្លាស់ប្ដូរទម្រង់លេងរបស់ក្រុមបឹងកេតអង្គរយ៉ាងណា ក៏ក្រុមដឹកនាំដោយលោក សំ វ៉ាន់ដេត នៅតែមានប្រៀបរហូតមានការទម្លុះសំណាញ់ទីបឹងកេត ១គ្រាប់ពីសំណាក់កីឡាករ Kipson ដើម្បីជួយក្រុមព្រះខ័នរាជស្វាយរៀង ឲ្យនាំមុខ ១-០ ត្រឹមនាទីទី៧៥ ដែល១គ្រាប់នេះ ត្រូវបានអ្នកគាំទ្ររំពឹងថា ព្រះខ័នរាជស្វាយរៀងនឹងទទួលបាន ៣ពិន្ទុ ព្រោះទម្រង់លេងកំពុងតែល្អ ។
ប៉ុន្ដែអ្វីដែលមិនគួរឲ្យជឿ គឺនៅក្នុងរយៈពេល ៩នាទី បូកទាំងម៉ោងបន្ថែម ក្រុមបឹងកេតអង្គរ បានទទួលគ្រាប់បាល់ចំនួន ៣គ្រាប់ផ្ទួនៗ ពីការធ្វើសម្រេចដោយខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នៅនាទីទី៨៥, នាទី៨៩ និងនាទី ៩០+៣ ដែលធ្វើឲ្យបឹងកេត ទទួលបាន៣ពិន្ទុ ដើម្បីឡើងឈរកំពូលតារាងតែម្ដង ។ រីឯក្រុមថ្នាក់ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង រួមទាំងកីឡាករ និងអ្នកគាំទ្របានត្រឹមហួសចិត្ត និងសោកស្ដាយប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង