(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតសាន់ដេ លោក កែវ វាសនា បានចេញបទចម្រៀងជាផ្លូវការហើយ ក្នុងផលិតកម្ម ថោន បន្ទាប់ពីកន្លងមក លោកតែងតែលាក់បាំងនឹងព័ត៌មានចូលជ្រកក្នុងផលិតកម្មថ្មី ព្រោះគិតថា ពេលបទចម្រៀងថ្មី ចាំប្រកាស ជាសាធារណៈ ដើម្បីឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ ជាក់ស្ដែងពេលនេះ តារាចម្រៀងបុរសសង្ហា លោក កែវ វាសនា ត្រូវបានផលិតកម្មថោន ចេញមុខប្រកាសជាផ្លូវការថា លោកបានក្លាយជា តារាចម្រៀងពេញសិ្នទ្ធ ដោយបានចុងត្រាជាមួយគ្នា និងមានបទចម្រៀង ចេញលក់នៅលើទីផ្សារ ថែមទៀតផង។
តាមរយៈ Account Facebook ផ្លូវការ របស់ផលិតកម្មថោន និង Account Facebook របស់ លោក វ៉ាត លីម៉េង បានសរសេរបង្ហោះ ជាសាធារណៈថា «ស្វាគមន៍វត្តមានថ្មីពីតារាចម្រៀង កែវ វាសនា នៅក្នុងផលិតកម្មថោន…»។ ហើយនៅក្នុងនោះ ដែលម្ចាស់បទ «ខ្លាចគេឈឺតែមិនខា្លចបងទឹកភ្នែក» លោក កែវ វាសនា ក៏ត្រូវបានខាងផលិតកម្មថោន ចេញបទចម្រៀងឲ្យលោកច្រៀង និងត្រៀមចេញលក់ នៅលើទីផ្សារថែមទៀត ដោយបទចម្រៀងរបស់លោកមានចំណងជើងថា «ស្មានថាអូនស្រលាញ់ បងភ្លេចគេហើយ» ដោយនិពន្ធ Melody ថ្មី និងទំនុកច្រៀង យឹម តាស្រង់ចេញលក់ក្នុងពេលឆាប់ៗនេះ នៅក្នុងផលិតកម្មថោន Vol 85។
អស់រយៈពេលជាច្រើនខែហើយ ដែលតារាចម្រៀង លោក កែវ វាសនា ធ្លាប់មានពាក្យចចាមអារម្មណ៍ លេចឮថា តារារូបនេះ មានគម្រោងចេញពីផលិតកម្ម សាន់ដេ ទៅជ្រកក្រោមផលិតកម្មថោន ហើយត្រៀមចេញបទចម្រៀង លក់ជាផ្លូវការទៀតផង ដោយធ្វើឲ្យអ្នកគាំទ្រលោក មានការទន្ទឹងរង់ចាំអ៊ុតមើល បទចម្រៀងរបស់ តារាក្នុងដួងចិត្តរបស់ពួកគេយ៉ាងអន្ទះសារ។
Khmertalking មិនទាន់អាចទាក់ទងទៅ ខាងផលិតកម្មថោន លោក មាស សុខរតនៈ សាកសួរទាក់ទងទៅ និងកុងត្រា និងបទចម្រៀង ដែលត្រៀមចេញលក់នៅលើទីផ្សារ រវាងតារាចម្រៀង លោក កែវ វាសនា និងផលិតកម្មថោនបានទេ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ៕



ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី