ភ្នំពេញ ១២ កក្កដា ២០១៦ ៖ Mekong Financial Inclusion Forum ដែលមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១៤-កក្កដា នេះ គឺជាគំនិតផ្ដួចផ្ដើមឧស្សាហកម្មធំថ្មីមួយដើម្បីស្វែងរក និងពិភាក្សាគ្នាអំពីភាពខុសគ្នា ស្រដៀងគ្នា និងឱកាសដើម្បីសម្រេចបានបរិយាប័ន្ននៅក្នុងតំបន់។ វេទិកានេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរចំណេះដឹងរវាងបណ្ដាប្រទេស និងស្ថាប័នផ្សេងៗ ដើម្បីអភិវឌ្ឍបរិយាប័ន្នហិរញ្ញវត្ថុតាមមហាអនុតំបន់ទន្លេមេគង្គទាំង៦ គឺកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា ថៃ ចិន (ខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ីចុង)។កាលពីព្រឹកថ្ងៃទី១២-កក្កដា ម្សិលមិញនេះ ធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើជាម្ចាស់ផ្ទះ និងប្រកាសបើកវេទិកាបរិយាប័ន្នហិរញ្ញវត្ថុតំបន់មេគង្គលើកទី១ (Mekong Financial Inclusion Forum) ជាផ្លូវការ នៅសណ្ឋាគារ អាំងទែរកុងទីណង់តាល់ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោកជំទាវ នាវ ចាន់ថាណា អនុប្រធានទេសាភិបាលរបស់ធនាគារជាតិនៃកម្ពុជា។
លោក Chandula Abeywickrema ប្រធាន Banking with the Poor Network (BWTP) ដែលជាអ្នកផ្ដួចផ្ដើមវេទិកានេះឡើង បានថ្លែងថា “ភាគីពាក់ព័ន្ធ ក្នុងនោះរួមមាន ក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍគំរូអាជីវកម្មថ្មី ដំណោះស្រាយបច្ចេកវិទ្យា និងបណ្ដាញបញ្ជូន ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ។ រដ្ឋាភិបាលក៏មានតួនាទីសំខាន់ក្នុងការចូលរួមបង្កើតយុទ្ធសាស្ត្របរិយាប័ន្នថ្នាក់ជាតិ បង្កើតគោលនយោបាយថ្មី និងផ្ដួចផ្ដើមបញ្ញត្តិផ្សេងៗផងដែរ។ វេទិកានេះ គឺជាឱកាសដ៏ល្អមួយដើម្បីចែករំលែកគំនិត និងដំណោះស្រាយក្នុងការកសាងសេដ្ឋកិច្ចថ្នាក់តំបន់ឲ្យកាន់តែរីកចម្រើន”។
វេទិកាលើកដំបូងមិនធ្លាប់មានពីមុនមក មួយនេះ មានវត្តមានចូលរួមពីភ្ញៀវកិត្តិយស និងគណៈប្រតិភូជាង ៣០០ នាក់មកពីមហាអនុតំបន់ទន្លេមេគង្គទាំង ៦ ប្រទេស។ អ្នកចូលរួម គឺជាតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MIFs) ភ្នាក់ងាររដ្ឋាភិបាល សហជីពឥណទាន គ្រឹះស្ថានតាមសហគមន៍ ធនាគារពាណិជ្ជ ប្រតិបត្តិករបណ្ដាញចល័ត ធនាគារកណ្ដាល និងនិយតករ ធនាគារអភិវឌ្ឍន៍ ក្រុមហ៊ុនធានារ៉ាប់រង ស្ថាប័នសិក្សា និងស្រាវជ្រាវ ម្ចាស់ឧបត្ថម្ភ អង្គការក្រៅរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុផ្នែក Hardware និង Software និងក្រុមហ៊ុនសេវាកម្មប្រឹក្សា និងវិជ្ជាជីវៈ។
វេទិកានឹងលើកចំណុចសំខាន់ៗដូចខាងក្រោមមកពិភាក្សាពេញ ៣ ថ្ងៃផងដែរ៖
– តួនាទីនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ
– បញ្ញត្តិ និងការត្រួតពិនិត្យដែលមានប្រសិទ្ធភាពបំផុត
– ការប្រើប្រាស់បច្ចេកវិទ្យា និងបណ្ដាញបញ្ជូនជំនួស
– ការផ្ដល់ការអប់រំដល់ដៃគូអាជីវកម្ម និងការការពារអតិថិជន
– ការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលអាចផ្ដល់ហិរញ្ញប្បទានដល់សហគ្រាសមីក្រូ តូច និងមធ្យម
– ការបង្កើត និងជំរុញភាពជាដៃគូរវាងវិស័យឯកជន រដ្ឋាភិបាល សហគមន៍ និងដៃគូអភិវឌ្ឍន៍។
Mekong Financial Inclusion Forum គឺជាគំនិតផ្ដួចផ្ដើមរបស់ Banking with the Poor Network (BWTP) និងត្រូវបានរៀបចំដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (FDC) និងAppui au Développement Autonome (ADA) ដោយមានការសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF)។ ដោយឡែក នៅថ្ងៃចុងក្រោយ គឺថ្ងៃទី១៤ នឹងមានពិព័រណ៍របស់វិនិយោគិនស្ដីពីមីក្រូហិរញ្ញវត្ថុនៅតំបន់ទន្លេមេគង្គ។ នេះគឺជាឱកាសដ៏ល្អសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដើម្បីជួបជាមួយអ្នកវិនិយោគមកពីទូទាំងតំបន់ និងលើកទឹកចិត្តដល់ភាពជាដៃគូ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក៕