CamNews

ជីវិត និងការងារ 

អគ្គនាយកវ័យ ១៦ឆ្នាំ បោះបង់សាលា ដើម្បីក្លាយជាសេដ្ឋី

ដោយសារតែចង់ក្លាយជា Masayoshi Son ទីពីរ នៅជប៉ុន ដូច្នេះ Yoichiro Mikami ជាកុមារាម្នាក់
មានអាយុ ១៦ឆ្នាំ ក៏បានឈប់រៀន ឱ្យត្រូវទៅ​នឹងឆ្នាំដែលមហាសេដ្ឋី Masayoshi Son ចាកចោល
សាលា ដើម្បីផ្ដោតទៅលើកិច្ចការក្រុមហ៊ុនរបស់ខ្លួន។

បច្ចុប្បន្ន Yoichiro Mikami កំពុងគ្រប់គ្រង Gnex ដែលជាក្រុមហ៊ុនប្រមូលទុនពីសាធារណជនមួយ
ដែលត្រូវបានគាំទ្រដោយអ្នកជំនួយចំនួន ៦ ក្នុងនោះ មាន Yahoo ជប៉ុន និងទីភ្នាក់ងារជ្រើសរើស
និងផ្គត់ផ្គង់បុគ្គលិក Recruit ។ ក្រុមហ៊ុនរបស់ Yoichiro Mikami មានភារកិច្ចជួយប្រមូលទុនសម្រាប់
គម្រោងនានារបស់និស្សិត។ ក្រុមហ៊ុននេះ ក៏មានកម្មវិធីផ្ដល់ព័ត៌មាន អំពីរដូវកាលប្រឡងចូល
មហាវិទ្យាល័យ និងគេហទំព័រសង្គម សម្រាប់និស្សិតផងដែរ។

Yoichiro Mikami ចង់ក្លាយជា Masayoshi Son ទីពីរ នៅជប៉ុន (រូប ៖ Bloomberg)

Yoichiro Mikami បានថ្លែងនៅលើទំព័រ Bloomberg ថា ៖ “Masayoshi Son កំពុងតែបណ្ដាក់ទុន ទៅ
លើក្រុមហ៊ុនជាច្រើន។ ខ្ទង់វិនិយោគនេះ ជួយឱ្យគាត់ប្រមូលបានភាគលាភច្រើនសម្រាប់ក្រុមហ៊ុន
បុគ្គលិក និងសង្គម។ នេះគឺជាអ្នកជំនួញដែលខ្ញុំចង់ធ្វើត្រាបតាម”។

សូមបញ្ជាក់ថា Masayoshi Son គឺជាមហាសេដ្ឋី ដែលមានទ្រព្យច្រើនបំផុតទីពីរ នៅជប៉ុន និងជា
CEO របស់ក្រុមហ៊ុនទូរគមនាគមន៍ Softbank ព្រមទាំងជាប្រធាននៃក្រុមហ៊ុន Yahoo ជប៉ុនផង
ដែរ។ Masayoshi Son ក៏បានបោះបង់ការសិក្សានៅជប៉ុន ក្នុងវ័យ ១៦ឆ្នាំ ដើម្បីរៀនជំនាញនៅ
California (អាមេរិក) មុននឹងបង្កើតអាណាចក្រទូរគមនាគន៍ ដូចបច្ចុប្បន្ន។ កុមារា Yoichiro Mikami
ក៏ចូលចិត្ត Nick D’Aloisio (កុមារាអាយុ ១៧ឆ្នាំ ដែលបានក្លាយជាសេដ្ឋី បន្ទាប់ពីលក់កម្មវិធីអាន
កាសែត Summly ទៅឱ្យ Yahoo កាលពីឆ្នាំទៅ)។

Yoichiro Mikami បង្កើត Gnex កាលពីខែមិនា ឆ្នាំ ២០១៣។ បុគ្គលិករបស់ Yoichiro Mikami សុទ្ធ
តែមានវ័យ ចាប់ពី ១៥ ទៅ ២០ឆ្នាំ ពួកគេប្ដូរផ្លាស់ការងារគ្នា ទៅតាម Skype ។ អ្នកជំនួញវ័យ
ជំទង់នេះ កំពុងតែប្រឹងប្រែង ដើម្បីស្វែងរកការឧបត្ថម្ភ ឱ្យបាន ១០០ ក្រុមហ៊ុន ដល់ខែមិនា ឆ្នាំ
២០១៥ ដើម្បីប្រមូលទុនឱ្យបាន ២០លានយ៉េន (១៨៥.០០០ដុល្លារអាមេរិក) សម្រាប់ពង្រីកក្រុម
ហ៊ុនរបស់ខ្លួន។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Massolution បណ្ដាគេហទំព័រប្រមូលទុនពីសាធារណជន ប្រមូល
បាន ៥,១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៣ គឺច្រើនជាងពីរដង ធៀបនឹងឆ្នាំ ២០១២។ បណ្ដាគេហ
ទំព័រនេះ បានជួយដល់បណ្ដាក្រុមហ៊ុនតូចៗ ក្នុងការទាក់ទាញធនាគារ និងអ្នកវិនិយោគឯកជន
ដើម្បីប្រមូលទុនសម្រាប់គម្រោងជំនួញ ឬបង្កើតផលិតផល។

Masayoshi Son ជា​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​ទីពីរ នៅ​ជប៉ុន

Mikami ឱ្យដឹងថា ៖ “អ្នកជំនួញវ័យក្មេង ពិបាកនឹងស្វែងរកប្រភពជំនួយ។ នេះគឺជាមួលហេតុដែល
យើងខ្ញុំ ផ្ដល់សេវាកម្មទៅលើវិស័យដែលមិនមែនហិរញ្ញវត្ថុ”។ ចំពោះអ្នកឧបត្ថម្ភ ដូចជា Yahoo
ជប៉ុន និង Recruit ក្រុមហ៊ុន Gnex នឹងជួយពួកគេ ដើម្បីស្វែងរកបាននូវប្រភពធន់ធានមនុស្សវ័យ
ក្មេង សម្រាប់គម្រោងថ្មីរបស់ក្រុមហ៊ុនទាំងនេះ។

ចាប់តាំងពីបោះបង់សាលា Mikami តែងចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្លួន ដោយការពិនិត្យទៅលើខ្ទង់វិនិ
យោគនៅផ្សារមូលបត្ត និងធ្វើការដោយខ្លួនឯងរហូតដល់ល្ងាច។ Mikami បានទិញមូលបត្រដំបូង
តាំងពីមានអាយុ ៨ឆ្នាំ ក្រោយពីបានអានសៀវភៅមួយ អំពីការវិនិយោគរបស់ពុក។

អាយុ ១៣ឆ្នាំ កុមារនេះ មានគំនិតរកស៊ីធំមួយ នោះគឺការភ្ជាប់សណ្ឋាគារ ជាមួយនឹងភ្ញៀវទេស
ចរណ៍ និងនិស្សិតសិក្សានៅបរទេស គឺប្រហាក់ប្រហែលនឹងសេវាកម្ម Airbnb ។ Mikami  ទទួល
បានការវិនិយោគពី Samurai Incubator ចំនួន ៥លានយ៉េន សម្រាប់គំនិតនេះ។ តាមរយៈគេហ
ទំព័រប្រមូលទុនពីសាធារណជន Mikami ថែមទាំងបានវិនិយោគចំនួន ១.៥០០ដុល្លារ លើគម្រោង
បើកក្រុមហ៊ុនថ្មីចំនួន ៦ផ្សេងទៀត។

ពុកម្ដាយរបស់ Mikami សុទ្ធតែបានគាំទ្រ និងអនុញ្ញាតឱ្យក្មេងជំទង់នេះ តាមប្រមាញ់មុខជំនួញ
របស់ខ្លួន ដោយសេរី។ ពុករបស់ Mikami គឺជាបុគ្គលិកម្នាក់នៅក្រុមហ៊ុនប្រឹក្សាយោបល់អំពីគេហ
ទំព័រ ចំណែកម្ដាយ គឺជាមេផ្ទះ។

Mikami ថ្លែងថា ជប៉ុន គួរតែបើកទូលាយដល់ការវិនិយោគ និងជំនួញរបស់កុមារនៅទីនេះ។
បច្ចុប្បន្ន ក្មេងក្រោមអាយុ ១៥ឆ្នាំ ត្រូវបានគេហាម មិនឱ្យចុះឈ្មោះធ្វើជំនួញ នៅជប៉ុន។

ដោយចង់យកតម្រាប់តាម មហាសេដ្ឋីទីពីរនៅជប៉ុន (លោក Masayoshi Son ទទួលបានបរិញ្ញា
បត្រសេដ្ឋកិច្ច ពីសកលវិទ្យាល័យ California នៅ Berkeley) Mikami ក៏គ្រោងនឹងដាក់ពាក្យចូលរៀន
មហាវិទ្យាល័យ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅឆ្នាំក្រោយ។ Mikami ប្រាប់ថា ៖ “ក្ដីស្រមៃរបស់ខ្ញុំ គឺ
ធ្វើជាអ្នកវិនិយោគមួយរូប។ មនុស្សគឺ មានជីវិតតែមួយនោះទេ ដូច្នេះ ខ្ញុំមិនចង់មានការស្ដាយក្រោយ
នៅពេលមានអាយុកាន់តែចាស់”៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ bloomberg