អ្នកវិភាគ បាននិយាយកាលពីថ្ងៃពុធថា វីរុសកូរ៉ូណាថ្មីនេះ នឹងចម្លងដល់មនុស្សចំនួនពាក់កណ្ដាលនៃប្រជាជនសរុបទូទាំងសកលលោក ហើយអត្រាមរណភាព នឹងកើនដល់ ៣% ។
ក្រុមអ្នកវិភាគមកពីអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច បាននិយាយនៅក្នុងសារខ្លីមួយថា៖” យើងសន្មតថា វីរុសនេះ នឹងចម្លងដល់មនុស្សប្រហែល ៥០% នៃចំនួនប្រជាជនសរុបទូទាំងពិភពលោក ករណីនៃការឆ្លងវីរុសនេះ ប្រមាណ ២០% នឹងមានសភាពធ្ងន់ធ្ងរ ហើយអ្នកជំងឺ ដែលឆ្លងវីរុសនេះប្រមាណពី ១-៣% នឹងស្លាប់បាត់បង់ជីវិត” ។
ទិន្ន័យចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញកាលពីថ្ងៃពុធថា ករណីនៃវីរុស COVID-19 បានកើនឡើងខ្ពស់ ២០០,០០០ ករណីទូទាំងពិភពលោក ដោយមានមនុស្សជាង ៨,០០០ នាក់ បានស្លាប់បាត់បង់ជីវិត ដោយវីរុសនេះជាសកល ។ មនុស្សប្រមាណជាង ៨២,០០០ នាក់ បានជាសះស្បើយឡើងវិញពីវីរុស ។
ក្រុមអ្នកវិភាគ បានបន្ថែមថា៖” អត្រាមរណភាពតិចឬច្រើន អាស្រ័យទៅលើសមត្ថភាពនៃប្រទេសទាំងឡាយ ក្នុងការរកឃើញ តាមដាន និងទប់ស្កាត់ការរីករាដាលប្រកបដោយប្រសិទ្ធភាព ឬយ៉ាងណានោះ ។ អត្រាមរណភាព នឹងកើនឡើងខ្ពស់នៅក្នុងបណ្ដាប្រទេស ដែលមានប្រព័ន្ធសុខាភិបាលខ្សោយ ដូចជា ប្រទេសអាហ្រ្វីក ដែលស្ថិតនៅក្នុងអនុតំបន់សាហារ៉ាជាដើម “។
នៅក្នុងការសិក្សាស្រាវជ្រាវមួយរបស់ប្រទេសចិនស្ដីពីវីរុសកូរ៉ូណា ដែលបានចុះផ្សាយកាលពីខែមុន បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ដ បានគណនាឃើញអត្រាមរណភាពទាំងស្រង់ចំនួន ២,៣% ។ ទន្ទឹមនឹងនេះ ប្រទេសអ៊ីតាលី ដែលជាប្រទេសរងការឆ្លងវីរុសដ៏ធ្ងន់ធ្ងរបំផុត ក្រៅពីតំបន់អាស៊ីនោះ បានកត់ត្រាចំនួនមរណភាព ២,៥០០ នាក់ ក្នុងចំណោម ៣១,៥០៦ ករណី ដែលត្រូវបានអះអាងថា បានឆ្លង ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ CNBC