(ឥណ្ឌា)៖ ពិធីរៀបការមួយប្រែក្លាយជាទុក្ខសោក បន្ទាប់ពីបុរសស្រវឹងម្នាក់បាញ់ចំអ្នករាំ នៅចំពោះមុខភ្ញៀវជាច្រើនទៀត បណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអណោចអធម ព្រោះតែអ្នករាំនោះក៏ជាភ្ញៀវចូលរួមពិធីម្នាក់ដែរហើយ ថែមទាំងមានគភ៌ទៀតផង។
ហេតុការណ៍នេះកើតឡើងនៅប្រទេសឥណ្ឌា ស្ត្រីរងគ្រោះអាយុ ២៥ឆ្នាំ ឈ្មោះ Kulwinder Kaur បានស្លាប់ទាំងមានផ្ទៃពោះបីខែទៅហើយ នៅពេលកំពុងរាំលើឆាកក្នុងពិធីរៀបការ នៅឯ Punjub កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ហើយប្តីរបស់ជនរងគ្រោះអះអាងថា មិត្តកូនកំលោះជាអ្នកបាញ់ត្រូវប្រពន្ធគាត់ ដែលវាមិនមែនជាកំហុសអចេតនាទេ ព្រោះពេលនោះជនដៃដល់បានអូសទាញប្រពន្ធខ្លួនឲ្យនៅជាមួយ តែនាងមិនព្រម ទើបកើតហេតុការណ៍បាញ់គ្នានេះឡើង។
ក្រោយពីប្រមូលភស្តុតាងបានគ្រប់គ្រាន់ហើយ ប៉ូលីសកំពុងតាមចាប់ខ្លួនជនដៃដល់ឈ្មោះ Billa មកកាត់ទោស តែគេបានគេចខ្លួនទៅហើយ តែក៏មានមនុស្ស ៤នាក់ ត្រូវជាប់ចោទពីរឿងនេះ ក្នុងនោះក៏មានម្នាក់ជាកូនអ្នកនយោបាយផងដែរ។
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង