CamNews

តារា 

ពៅ បញ្ញាពេជ្រ ស្ថាន​​ភាព​​ជំ​ងឺ​​កាន់​​តែ​​ប្រសើរ ខណៈ​នាង​សុំ​កម្លាំង​ចិត្ត​បន្ថែម​ពី​មហា​ជន

(ភ្នំពេញ)៖ តារាចម្រៀងធ្លាក់ខ្លួនពិការ ដោយសារខ្មាន់កាំភ្លើងប៉ងផ្តាច់សង្ខារ កាលពីអំឡុងឆ្នាំ២០០៧ កញ្ញា ពៅ បញ្ញាពេជ្រ ថ្មីៗនេះបានបង្ហោះរូបថត នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួន ដែលរហូតមកទល់នឹងពេលនេះ កាន់តែមានភាពប្រសើរឡើង ស្របពេលដែលនាងទទួចសុំការ ផ្តល់កម្លាំងចិត្តពីសំណាក់ទស្សនិកជនផងដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អតីតតារាចម្រៀងបាត់បង់សមត្ថភាព ព្រោះតែត្រូវខ្មាន់កាំ​ភ្លើង តាមប្រម៉ាញ់ប្រហាជីវិត ហើយសំណាងល្អជីវិតរបស់នាងថ្លៃ ពុំត្រូវស្លាប់ កញ្ញា ពៅ បញ្ញា​ពេជ្រ កាលពីប៉ុន្មានថ្ងៃនេះ នាងបានសរសេរបង្ហោះថា «មានតែការអត់ធ្មត់ និងតស៊ូប៉ុណ្ណោះ ដែល​អាចធ្វើឲ្យរូបនាងខ្ញុំមានសង្ឃឹម និងឱកាសមានជីវិតជាថ្មីម្តងទៀត។ សុំកំលាំងចិត្តពីបងប្អូន ដែលតែងតែស្រឡាញ់រាប់អាននាងខ្ញុំផងណា រាត្រីសួស្តី បងប្អូន Good night ..»។

សូមបញ្ជាក់ថា កញ្ញា ពៅ បញ្ញា​ពេជ្រ គឺជាតារាចម្រៀង​ដ៏ល្បីឈ្មោះ និងមានប្រជាប្រិយ​ភាពមួយរូប ក្នុងអំឡុងដើមឆ្នាំ២០០០។ កញ្ញា ត្រូវបានទទួលរងការបាញ់ប្រហារ ប៉ងផ្តាច់ជីវិតលើរូបនាង ដោយគ្មានត្រាប្រណី កាលពីប្រមាណ១០ឆ្នាំមុន នៅចំកណ្តាលរាជធានីភ្នំពេញ។​ រហូតមកទល់ពេលនេះ ឃាតករ ប៉ងបាញ់ប្រហារលើតារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ ហាក់នៅតែស្ថិ​តក្នុងអាថ៌កំបាំង​ និងមិនត្រូវបានវែកមុខរកឃើញនោះទេ។

សូមរំឭកថា អ្នកច្រៀងស្រីរូបស្រស់ កញ្ញា ពៅ បញ្ញាពេជ្រ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ ត្រូវបាន​ឧក្រិដ្ឋជនពីររូប តាមបាញ់ប្រហារ ពេលនាងចេញពីរថយន្ត នៅចំកណ្តាលទីក្រុងភ្នំពេញ។ ក្រៅពីទទួលទុក្ខធំដោយធ្លាក់ខ្លួនពិការ និងរស់ជាមួយជំងឺមិនអាចព្យាបាលបាន អស់រយៈពេលជិត១០ឆ្នាំមក តារាចម្រៀងដែលកំពុងរស់នៅ ក្នុងពិការភាពរូបនេះ លែ​ងនឹកនាដល់ការស្វែងរកយុត្តិធម៌ទៀត ហើ​យ ព្រោះថា អ្វីដែលនាងចង់បាននៅពេលនេះ គឺចង់រស់​នៅសន្សំតែសុខប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Pov Phanhapich Star news