CamNews

ព័ត៌មានអន្តរជាតិ 

អត្រាមរណភាពដោយសារជំងឺ ខូវីដ១៩ កើនឡើងដល់ ៥០០.០០០ នាក់ទូទាំងពិភពលោក

មនុស្សប្រមាណជាង ៥០០.០០០ នាក់ ទូទាំងពិភពលោក បានស្លាប់បាត់បង់ជីវិត ដោយសារតែលទ្ធផលនៃការរីករាលដាលនៃជំងឺខូវីដ ១៩ ។ នេះបើតាមការអោយដឹងរបស់សាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក ។



សាកលវិទ្យាល័យ John Hopkins បានរាយការណ៍ថា ចាប់តាំងពីរីរុសនេះផ្ទុះឡើង នៅប្រទេសចិននាចុងឆ្នាំមុន មនុស្សប្រមាណជាង ១០ លាននាក់បានឆ្លងវីរុសដ៏កាចសាហាវនេះ ។

 ករណីឆ្លងវីរុសនេះពាក់កណ្ដាលនៅទូទាំងពិភពលោក បានកើតឡើងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ប៉ុន្តែបច្ចុប្បន្ន ជំងឺខូវីដ ១៩ កំពុងកើនឡើងយ៉ាងខ្លាំង នៅសហរដ្ឋអាមេរិក ។

 ម្យ៉ាងទៀតវីរុសនេះ កំពុងប៉ះពាល់ដល់អាស៊ីខាងត្បូង និងទ្វីបអាហ្វ្រីក ជាតំបន់ដែលមិនត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតនោះទេ មកទល់នឹងខែកក្កដា ។

 ការផ្ទុះវីរុសនេះ នៅតែរីករាលដាលនៅផ្នែកជាច្រើននៃពិភពលោក ដោយករណីឆ្លងថ្មីចំនួន ១ លាននាក់ ត្រូវបានកត់ត្រា​ នៅ ៦ ថ្ងៃចុងក្រោយនេះ។

 មកទល់នឹងពេលនេះ សហរដ្ឋអាមេរិក បានរាយការណ៍ករណីឆ្លងសរុបចំនួន ២.៥ លាននាក់ និងមរណភាពចំនួន ១២៥.០០០ នាក់ដោយសារជំងឺខូវីដ១៩ ចំនួននេះ គឺច្រើនជាងប្រទេសដទៃ ។

 ប្រទេស ដែលមានករណីឆ្លងខ្ពស់បំផុតលំដាប់ទី២ ដែលត្រូវបានកត់ត្រា គឺប្រទេសប្រេស៊ីល ដែលមានចំនួនអ្នកឆ្លងសរុប ១.៣ លាននាក់ និងចំនួនមរណភាពកើនឡើងខ្ពស់រហូតដល់ ៥៧.០០០ នាក់ ៕



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC