(ភ្នំពេញ)៖ អាណាព្យាបាលសិស្សសាលាជាច្រើន នៅភ្នំពេញកំពុងនាំគ្នា ព្រួយបារម្ភចំពោះកូនចៅរបស់ពួកគាត់ ជាពិសេសកូនប្រុសតែម្ដង ខណៈដែលបច្ចុប្បន្ន មានហ្គេមមួយចំនួន កំពុងពង្វក់កូនរបស់ពួកគាត់ ឲ្យគេចសាលា ចេះភូតភឪពុកម្ដាយ រហូតដល់ចេះលួចលុយ អ្នកផ្ទះយកទៅលេងហ្គេមទៀតផង។
អាណាព្យាបាលមួយចំនួន បានធ្វើការត្អូញត្អែរប្រាប់ Khmertalking ថា ដោយសារពួកគាត់ជាប់ធ្វើការ រកស៊ីមិនសូវមានពេលគ្រប់គ្រាន់ តាមដានកូនចៅនោះ ស្រាប់តែថ្ងៃមួយ ខាងសាលាទូរស័ព្ទសួរនាំ មិនឃើញកូនប្រុសរបស់ពួកគាត់ទៅរៀន ហើយតែងតែអវត្តមានញឹកញាប់ទៀត។ ចំណែកលុយកាក់របស់គាត់ ទុកក្នុងកាបូប ឬក្រុមគ្រួសារដាក់នៅក្នុងផ្ទះ មានការធ្វេសប្រហែសជាដើម តែងតែបាត់ញឹកញាប់ ពួកគាត់ក៏ធ្វើការតាមដាន ទើបដឹងថាកូនចៅរបស់ពួកគាត់ គេចសាលានាំគ្នាលួចលុយ យកទៅលេងហ្គេម នៅតាមហាងអ៉ីនធឺណិត ដែលជាប្រភេទហ្គេមក្មេងៗ ចូលចិត្តលេង និងចំណាយលុយអស់ច្រើន ក្នុងការទិញពិន្ទុលេង ដែលគេហៅថាហ្គេម JX2 និងហ្គេម AK....ទៅវិញ។
ពាក់ព័ន្ធហ្គេមអនឡាញ ដូចជា ហ្គេម JX2 និងហ្គេមAK...ខាងលើនេះ ត្រូវបានក្មេងៗដែលនិយមលេង ធ្វើការអះអាងថា ហ្គេមខាងលើវាខុសពីប្រភេទហ្គេម លេងកំសាន្តផ្សេងៗទៀត។ ហ្គេមកំសាន្តភាគច្រើន គេលេងមិនបាច់ចំណាយលុយ ធ្វើមិចឲ្យតែមានអ៉ីនធឺណិត ឬមានទូរស័ព្ទដៃ តែហ្គេមប្រភេទ JX2 និងAK...ទាល់តែបង់លុយ ទើបលេងបាន ហើយពេលខ្លះ ដោយសារតែល្បិចទាក់ទាញ របស់ក្រុមហ៊ុនផលិតហ្គេមនេះ ធ្វើឲ្យអ្នកលេងញៀន ជាពិសេសក្មេងប្រុសៗ រហូតចំណាយលុយទិញពិន្ទុ ឬទិញសម្ភារៈនៅក្នុងហ្គេម ដើម្បីលេងឲ្យគេមើលទៅឡូយ និងខ្លាំងទៀតផង ដោយសម្ភារៈខ្លះមានតម្លៃរហូតដល់១០ឬ២០ដុល្លារក៏មានដែរ។
ដោយសារតែការទាក់ទាញ នៃក្រុមហ៊ុនហ្គេម និងអ្នកលេងត្រូវចំណាយលុយ ច្រើនបែបនេះហើយ បានធ្វើឲ្យសិស្សសាលាមួយចំនួន នាំគ្នាគេចសាលា ខ្លះចេះភូតភឪពុកម្ដាយ ខ្លះទៀតមានដៃមានជើង ហ៊ានលួចលុយអ្នកផ្ទះ ដើម្បីយកទៅលេងហ្គេមជាដើម។
អ្នកមិនដឹងរឿង គេឃើញហាងអ៉ីនធឺណិត បើកឲ្យមានលេងហ្គេមប្រភេទហ្គេម JX2 និងAK...នឹកស្មានថា ជាហ្គេមធម្មតា តាមពិតជាប្រភេទហ្គេមធ្វើឲ្យក្មេងញៀនលេង និងអ្នកលេងត្រូវចំណាយលុយ ទិញពិន្ទុលេងក្នុងចំនួនទឹកប្រាក់ច្រើន សំរាប់លទ្ធភាពចំណាយរបស់ក្មេងៗសោះ។ ដូចនេះសូមឲ្យអាជ្ញាធរ មានសមត្ថកិច្ចមេត្តាចាប់អារម្មណ៍ និងជួយពិនិត្យមើលហ្គេមប្រភេទJX2 និងAK..នេះផង ថាតើគួរបន្តអនុញាតឲ្យបើកលេងតទៅទៀត ឬក៏បិទដើម្បីកុំឲ្យក្មេងៗ ដែលកំពុងស្ថិតនៅក្នុងវ័យសិក្សាគេចសាលា ចេះភូតភ និងលួចលុយអ្នកផ្ទះ យកទៅលេងហ្គេមតទៅទៀត៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី