ស្បែកចាស់ជាងវ័យ សំដៅចំពោះការខូចគុណភាពស្បែក ដោយកម្ដៅព្រះអាទិត្យ ជាលទ្ធផលធ្វើឱ្យស្បែកជ្រីវជ្រួញ ។ យោងតាមការវាយតម្លៃ សភាពជ្រីវជ្រួញ និងកង្វះភាពរលាស់របស់ស្បែកចន្លោះ ៧៥ និង ៩០% គឺបណ្ដាលមកពីកម្ដៅព្រះអាទិត្យ និងមិនមែនជាការចាស់ទៅតាមអាយុកាលនោះទេ ។
វិធីដ៏ប្រសើរ ដើម្បីជៀសឱ្យផុតពីផលលំបាកស្បែកចាស់ជាងវ័យ គឺត្រូវការពារស្បែកតាំងពីដើមទីទៅ ។ ហើយវិធីដ៏មានប្រសិទ្ធភាព ដើម្បីបញ្ឈប់បញ្ហានេះ គឺត្រូវប្រើឡេកម្ដៅថ្ងៃ ដែលមានប្រសិទ្ធភាពការពារកម្ដៅថ្ងៃខ្ពស់( Broad-spectrum) ។ Broad-spectrum មានន័យថា វាមានប្រសិទ្ធភាពការពារទាំងកាំរស្មី UVB និង UVA ។ ជាពិសេស ផលិតផលនោះ គួរតែមានភ្នាក់ងារការពារពន្លឺព្រះអាទិត្យ SPF 30 ឬ ខ្ពស់ជាង ។
វាជារឿងចាំបាច់ ក្នុងការបញ្ជាក់ការពិតថា ឡេការពារកម្ដៅថ្ងៃ គួរតែត្រូវប្រើរាល់ថ្ងៃ មិនថា រដូវអ្វីនោះទេ ។ មិនថាមេឃស្រទុំក៏ដោយ កាំរស្មី UV នៅតែមាន ដូច្នេះ វាមិនទាន់គ្រប់គ្រាន់នោះទេ ដែលលោកអ្នកការពារស្បែក តែនៅរដូវក្ដៅ ។
ឡេការពារកម្ដៅថ្ងៃល្អបំផុត គឺជាប្រភេទ ដែលមានផ្ទុកសារធាតុ Helioplex និងសារធាតុ Mexoryl ។ សារធាតុទាំងនេះ ធ្វើឱ្យប្រសទ្ធភាពការពារ ប្រព្រឹត្ដទៅបានយូរ ហើយមិនចាំបាច់ លាបសារជាថ្មីញឹកញាប់ ។ ប្រសិនបើស្នាមជ្រីវជ្រួញចាស់ជាងវ័យ លេចចេញហើយនោះ យកល្អលោកអ្នកគប្បីប្រើក្រែម ឬសេរ៉ូម ដែលមានផ្ទុកសារធាតុ retinoids ។
ប្រការចាំបាច់ដទៃទៀត
វិធីមួយទៀតដើម្បីការពារ ភាពចាស់ជាងវ័យ គឺត្រូវដាក់ពពួកអាហារ ដែលមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក ។ ប្រភេទអាហារទាំងនោះរួមមានដូចជា ផ្លែឈើជូរ បន្លែស្រស់ ម្ទេសហាវ៉ៃ ការ៉ុត ស្ពៃក្ដោបចិន សាឡាដ និងអាហារផ្សេងៗទៀត ។ អាហារទាំងអស់នេះ ជួយប្រឆាំងនឹងផលប៉ះពាល់នៃកាំរស្មី UV បានយ៉ាងមានប្រសិទ្ធភាព ។
អង្គការសុខភាពពិភពលោក(WHO) បានលើកឡើងថា វិធីការពារប្រឆាំងនឹងកម្ដៅព្រះអាទិត្យដ៏មានប្រសិទ្ធភាពបំផុត គឺមិនត្រូវដើរហាលថ្ងៃឱ្យស្បែកត្រូវកម្ដៅដោយផ្ទាល់នោះទេ ជាពិសេសគឺនៅអំឡុងពេល ដែលពន្លឺថ្ងៃក្ដៅខ្លាំង ។ អង្គការខាងលើ ក៏បានលើកឡើងផងដែរថា ក្រៅពីឡេការពារកម្ដៅថ្ងៃ វិធីដ៏ប្រសើរបំផុតផ្សេងទៀត គឺត្រូវពាក់របាំងការពារដូចជា មួកឆាង ឬវ៉ែនតាជាដើម។ល។
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ steptohealth