(ជប៉ុន)៖ ព្រោះតែហ្គេម Pokemon Go ពង្វក់មនុស្សជាច្រើន ឲ្យជក់លេងនាពេលបច្ចុប្បន្ននេះ ធ្វើឲ្យអ្នកបើករថយន្តដឹកទំនិញម្នាក់បង្កគ្រោះថ្នាក់ចរាចរណ៍ ដោយស្មានមិនដល់ ដែលបណ្តាលឲ្យបុកអ្នកថ្មើរជើងពីរនាក់ កំពុងឆ្លងកាត់ផ្លូវ ក្នុងនោះអ្នកថ្មើរជើងម្នាក់ ត្រូវបាត់បង់ជីវិតទៀតផង។
ហេតុការណ៍នេះកើតឡើង នៅទីក្រុង Tokushima ប្រទេសជប៉ុន ជនបង្កហេតុអាយុ៣៩ឆ្នាំ ឈ្មោះ Keiji Goou បានបើករថយន្តបុកស្ត្រីពីរនាក់ ដែលកំពុងដើរឆ្លងផ្លូវ ព្រោះតែគេរវល់ឈ្ងោកលេងហ្គេម Pokemon Go លើស្មាតហ្វូន ខណៈកំពុងបើកបរភ្លេចខ្លួន បណ្តាលឲ្យស្ត្រីចំណាស់អាយុ៧២ឆ្នាំ ម្នាក់ឈ្មោះ Yukiko Nakanishi ត្រូវស្លាប់នៅនឹងកន្លែងកើតហេតុ កាល ពីថ្ងៃអង្គារកន្លងទៅនេះ ហើយស្ត្រីរងគ្រោះអាយុ៦០ឆ្នាំ ម្នាក់ទៀតឈ្មោះ Kayoko Igawa ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរដែរ។
Keiji សារភាពថា មកពីគាត់ធ្វេសប្រហែស ពេលបើករថយន្ត ព្រោះតែរវល់ឱនលេង Pokemon Go តាមស្មាតហ្វូនទើបភ្លេចមើលមនុស្ស ដើរឆ្លងផ្លូវបណ្តាលឲ្យបុកស្ត្រីរងគ្រោះ ទាំងពីរមួយទំហឹងតែម្តង រីឯរថយន្តបង្កហេតុក៏ត្រូវបានប៉ូលិស រឹបអូសទុកសិនដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង