(ភ្នំពេញ)៖ តារាចម្រៀងប្រុស របស់ផលិតកម្មថោន លោក ខេម ដែលកន្លងមកធ្លាប់តែពើបប្រទះ នឹងរឿងរ៉ាវអាស្រូវផ្ទួនៗ មានតែបញ្ហាមិនចេះចប់មិនចេះហើយ និងកំពុងតែប្រឈមមុខសម្លេង រិះគន់បាញ់ចាក់ស្រោចជុំវិញ ការតម្កើងឫកថា ភ្លេចកំណើតដើមនោះ ថ្មីៗនេះ លោកបានងាកមកផ្តើមធ្វើការងារមនុស្សធម៌ ដោយបានយកអំណោយ ទៅចែកជូនជនរងគ្រោះ ព្រោះតែអគ្គិភ័យលេងត្របាក់ផ្ទះ នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាទឹកដីកំណើតរបស់លោក ។
រូបថតជាច្រើនសន្លឹក ត្រូវបានអ្នកគាំទ្រ យកមកបង្ហោះចែកចាយព្រោងព្រាត នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន បង្ហាញពីសកម្មភាព នៅពេលដែលម្ចាស់បទ «ទឹកភ្នែកក្មេងពាល» លោក ខេម បានចុះយកអំណោយ ជាសម្ភារៈគ្រឿង ឧបភោគ-បរិភោគ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅខេត្តកំពង់ឆ្នាំ កាលពីពេលថ្មីៗ កន្លងមកនេះ។
សម្រាប់ការបង្ហាញ សកម្មភាពមនុស្សធម៌បែបនេះ របស់តារាចម្រៀងសំនៀងស្អក លោក ខេម គឺជាលើកទី១ហើយ បន្ទាប់ពីលោកបានជួបប្រទះ នូវរឿងអាស្រូវរិះគន់ជាច្រើន ដោយថ្មីៗនេះ លោកក៏ទើបត្រូវទទួលរងព្រនង់ នៃការរិះគន់យ៉ាងចាស់ដៃផងដែរ ថា លោកជាតារាចម្រៀង ភ្លេចកំណើតដើម ។ ប៉ុន្តែយ៉ាងណាមិញ ក្រោយពីលោក ខេម បានទទួលរងការរិះគន់បែបនេះ លោកក៏បានងាកមកធ្វើសកម្មភាពមនុស្សធម៌ ដោយការចែកអំណោយ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើយឆេះផ្ទះ នៅខេត្តកំពង់ឆ្នាំង។
ជាមួយការបង្ហាញ ពីសកម្មភាពមនុស្សធម៌របស់ លោក ខេម នេះដែរ មហាជនជាច្រើនបានកោតសរសើរ និងដាក់ក្តីសង្ឃឹមថា ថ្ងៃក្រោយ ខេម នឹងបន្តសកម្មភាពបែបនេះ ជាថ្មីទៀត ហើយត្រូវបញ្ឈប់នូវទង្វើឆ្មើងឆ្មៃ វាយឫក ជាមួយទស្សនិកជនអ្នកគាំទ្រ បន្តទៅទៀត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង