CamNews

កីឡាជាតិ 

លោក Oriol ដើរ​ចេញ​ពី​ភ្នំពេញ​ក្រោន ក្រោយ​តំណែង​គ្រូ​បង្វឹក​ធ្លាក់​ទៅ​លោក Sam វិញ

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសរបស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា គ្រូបង្វឹកជនជាតិអេស្ប៉ាញលោក Oriol Mohedano បាន​សម្រេច​ចាក​ចេញ​ពី​ក្លឹប​ជើង​ឯក​លីគ​កំពូល​កម្ពុជា ៦​សម័យ​កាល​នេះ​ហើយ បន្ទាប់​ពី​ក្លឹប​បាន​សម្រេច​ផ្ទេរ​តំណែង​គ្រូ​បង្វឹក​ទៅ​ឲ្យ​គ្រូ​បង្វឹក​ជន​ជាតិ​ស្វីស​លោក Sam Schweingruber វិញ​កាល​ពី​ពេលថ្មីៗ​កន្ល​ង​ទៅ ។

នៅលើ Facebook ផ្លូវការរបស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសានេះថា «ក្លឹបភ្នំពេញក្រោន សូម​អរគុណ​ដល់​លោក​គ្រូ Oriol Mohedano ចំពោះការខិតខំណែនាំ និង​បង្វឹកកីឡាករ​តាំង​ពី​បាន​ចូល​រួម​ជាមួយ​ក្លឹប​ពី​ដើម​ខែ​មករា​កន្លង​ទៅ ។ លោក​ Oriol បាន​សម្រេច​ចិត្ត​ចាក​ចេញ​ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា​នៅ​ថ្ងៃ​នេះ​បាន​បំពេញ​ភារកិច្ច​យ៉ាង​ល្អ​ក្នុង​ការ​ដឹក​នាំ​ក្លឹប​ភ្នំពេញក្រោន​ក្នុងអំឡុង​ពេល​ដែល​គ្រូ​បង្គោល​ក្លឹប Sam Schweingruber ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។ លោកគ្រូបាននាំយកគំនិតថ្មីៗជាច្រើនក្នុងការហ្វឹក់ហាត់ជាមួយនឹងបទពិសោធន៍របស់លោកនៅទ្វីបអឺរ៉ុបផងដែរ» ។

គួរបញ្ជាក់ថា សម្រាប់ដើរតួជាគ្រូបង្វឹកបណ្ដោះអាសន្នជំនួសតំណែងលោក Sam ដែលគ្រោះថ្នាក់ចរាចរណ៍នោះ លោក Oriol បាន​ដឹក​នាំ​ភ្នំពេញក្រោន ប្រកួតលីគកំពូលកម្ពុជាចំនួន ៤ប្រកួត ក្នុងនោះធ្លាប់ឈ្នះ ១ប្រកួត ចាញ់ ១ប្រកួត និងស្មើ ២ប្រកួត ខណៈការវិលត្រឡប់មកកាន់តំណែងជាគ្រូបង្វឹក របស់លោក Sam ចំនួន ២ប្រកួត គឺឈ្នះរហូត ក្នុងនោះរួមមានឈ្នះក្រុមខ្លាំងក្រសួងការពារជាតិម្ដង និងឈ្នះក្រុមវេស្ទើន ក្នុងពាន Hun Sen Cup ម្ដង ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Oriol