CamNews

សុខភាព 

លំហាត់ប្រាណ ដើម្បីឱ្យសរីរាង្គបន្ដពូជរបស់អ្នក រឹងមាំ និងមានសុខភាពល្អ

ការធ្វើលំហាត់ប្រាណដើម្បីសុខភាពទ្វារមាស វាជារឿងល្អប្រពៃនៅក្នុងវប្បធម៌នៃប្រទេសមួយចំនួន ឬជាប្រការហាមប្រាមនៅក្នុងវប្បធម៌ដទៃទៀត ប៉ុន្ដែជាមូលដ្ឋានជាក់ស្ដែង ទ្វារមាសគឺជាបំពង់ ដែលមានសាច់ដុំទន់ភ្លន់អស្ចារ្យ ដោយនាំមកនូវមុខងារផ្សេងៗជាច្រើនដូចជា ផ្លូវសម្រាលកូន បំពង់ហូរចេញនូវលោហិតរដូវ និងជាបំពង់ហូរចូលនូវទឹកកាម និងមេជីវិត។ ការសម្រាលកូន ការធ្វើការងារធ្ងន់ ការអស់រដូវ ការជក់បារី សភាពធាត់លើសគីឡូ កត្ដាទាំងអស់នេះអាចបង្កបញ្ហាជាច្រើនដល់ទ្វារមាស ហើយយូរៗទៅ វាអាចធ្វើឱ្យសាច់ដុំផ្ទៃត្រគាកចុះខ្សោយ។ ខាងក្រោមនេះគឺជាសញ្ញាមួយចំនួន ដែលបញ្ជាក់ថា ផ្ទៃត្រគាក និងសាច់ដុំទ្វារមាសរបស់អ្នកចុះខ្សោយ៖

  • លេចនោមពេលក្អក ឬកណ្ដាស់
  • ហើមពោះដោយមិនដឹងពីមូលហេតុ
  • ហើមទ្វារមាស
  • មានអារម្មណ៍ថាមានសម្ពាធជាអចិន្រ្ដៃយ៍ត្រង់ត្រគាករបស់អ្នក
  • ពិបាកក្នុងការសម្អាតថង់មូត្ររបស់អ្នក

 

ប៉ុន្ដែមិនថ្វីនោះទេ សាច់ដុំផ្ទៃត្រគាក និងសាច់ដុំទ្វារមាសរបស់អ្នកក៏ដូចសាច់ដុំផ្សេងទៀតនៃរាងកាយរបស់អ្នកដែរ ដែលអាចធ្វើឱ្យវារឹងមាំដោយការធ្វើលំហាត់ប្រាណ(ការសម្រកទម្ងន់ និងការឈប់ជក់បារីក៏មានគុណប្រយោជន៍ក្នុងការធ្វើឱ្យសាច់ដុំទាំងនេះរឹងមាំផងដែរ)។ លំហាត់ប្រាណដែលផ្ដោតសំខាន់ទៅលើសាច់ដុំស្នូលរបស់អ្នកដូចជា ការអាវ៉ុង លំហាត់ប្រាណបែបអង្គុយចោងហោង លំហាត់ប្រាណចលនាគេងងើប(Sit ups) និងលំហាត់ប្រាណចលនាហក់(lunges) ទាក់ទងទៅនឹងផ្ទៃត្រគាករបស់អ្នក ដែលអាចផ្ដល់អត្ថប្រយោជន៍ច្រើន។ ប៉ុន្ដែវិធីដ៏មានប្រសិទ្ធភាពបំផុត ដើម្បីធ្វើឱ្យទ្វារមាស និងផ្ទៃត្រគាករបស់អ្នកត្រឡប់មកសភាពដើមវិញគឺការធ្វើលំហាត់ប្រាណចលនាសាច់ដុំត្រគាក ដោយលំហាត់ប្រាណ Kegel។

 

លំហាត់ប្រាណ Kegel គឺវាមិនពិបាកដូចអ្វីដែលអ្នកធ្លាប់គិតនោះទេ ប៉ុន្ដែបញ្ហាដ៏ធំបំផុតដែលខ្ញុំធ្លាប់ឃើញកើតមានចំពោះអ្នកជំងឺរបស់ខ្ញុំនោះគឺថា ស្រ្ដីភាគច្រើនមិនបានហាត់រៀនពីវិធីដើម្បីអនុវត្ដវាឱ្យបានត្រឹមត្រូវនោះទេ។ ជាញឹកញយនៅអំឡុងពេលប្រលង នៅពេលដែលខ្ញុំឱ្យពួកគាត់ធ្វើចលនាលំហាត់ប្រាណ Kegel ពួកគាត់នឹងបន្ទាបទម្ងន់រាងកាយចុះ ឬក្ដាប់សាច់ដុំភ្លៅផ្នែកខាងក្នុងរបស់ពួកគាត់យ៉ាងណែនជំនួសវិញ។ វិធីដ៏ប្រសើរបំផុតដើម្បីចែកឱ្យដាច់នូវសាច់ដុំត្រគាកបានត្រឹមត្រូវ គឺការធ្វើចលនាលំហាត់ប្រាណ Kegel ខណៈពេលអ្នកបន្ទោរបង់ទឹកមូត្រ។ សូមចា​ប់ផ្ដើមបន្ទោរបង់មូត្រ បន្ទាប់មកបញ្ឈប់ហើយទប់ទឹកមូត្រឱ្យបានរយៈពេល១០វិនាទី។ សាច់ដុំដែលអ្នកប្រើ ដើម្បីទប់ទឹកមូត្រ គឺជាសាច់ដុំផ្ទៃត្រគាករបស់អ្នក។ នៅពេលអ្នកបានហាត់រៀនធ្វើចលនាកន្ត្រាក់សាច់ដុំបានត្រឹមត្រូវ អ្នកអាចចាប់ផ្ដើមធ្វើលំហាត់ប្រាណ Kegel បានពេញមួយថ្ងៃ។ គោលបំណងសំខាន់ គឺការធ្វើចលនាកន្រ្ដាក់បែប Kegel ឱ្យបាន៥០ដងក្នុងមួយថ្ងៃ ដោយម្ដងៗត្រូវទប់ឱ្យបានរយៈពេល ១០វិនាទី។

 

អ្នកអាចមានការសង្ស័យថាតើ ទ្វារមាសមានកម្លាំងខ្លាំងអាចបង្កការប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នកបែបណា។ បើតាមទស្សនៈសរីរៈវិទ្យា វាធ្វើឱ្យយើងអាចយល់បានថា ការធ្វើលំហាត់ប្រាណ Kegel ជាទៀងទាត់នឹងជួយស្រ្ដីក្នុងការបង្កើនការឆ្លើយតបចំពោះការរួមភេទ ដោយការបង្កើនលំហូរឈាម និងធ្វើឱ្យរាងកាយរបស់នាងកាន់តែរឹងមាំស្រស់ស្រាយ។ ដោយឡែក មានការសិក្សាស្រាវជ្រាវទ្រង់ទ្រាយតូចមួយ ដែលបានសម្លឹងឃើញមុខងារផ្លូវភេទរបស់ស្រ្ដីក្រោយពេលទទួលការព្យាបាលសរីរៈត្រគាក ដើម្បីដោះស្រាយបញ្ហាជ្រាបទឹកមូត្រ និងការស្រុតស្បូន ហើយលទ្ទផលនៃការសិក្សាស្រាវជ្រាវនេះរកឃើញថា ក្រោយការព្យាបាលសរីរៈត្រគាកបានរួចរាល់ ស្រ្ដីបានកត់សម្គាល់ឃើញថាពួកនាងមានការកើនឡើងតម្រេកផ្លូវភេទ និងមានសមត្ថភាព អាចសម្រេចឈានដល់ចំណុចសុខស្រួលកំពូល៕



ប្រែសម្រួល៖ សារ៉ាត 

ប្រភព៖ women’s health